ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ សមាគមអតីតយុទ្ធជនបានធ្វើឲ្យការរស់នៅរបស់អតីតយុទ្ធជនកម្ពុជាកាន់តែប្រសើរ


ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់រូប ដើម្បីដោះស្រាយបញ្ហាប្រឈមនានារបស់អតីតយុទ្ធជនកម្ពុជា ហើយធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែល្អប្រសើរ។

ការវាយតម្លៃបែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់សមាគមអតីតយុទ្ធជននៃបណ្តាខេត្តកំពង់ស្ពឺ តាកែវ កែប កំពត ព្រះសីហនុ និងខេត្តកោះកុង ចំណុះយោធភូមិភាគទី៣ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ការខិតខំបំពេញភារកិច្ចយ៉ាងសកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំសមាគមនៅគ្រប់ថ្នាក់ពេញមួយឆ្នាំ២០១៨ បានធ្វើឲ្យការងារសមាគមមានសន្ទុះវិវត្តន៍ទៅគួរឲ្យកត់សម្គាល់ ពិសេសបានធ្វើឲ្យសមាជិកសមាគមទាំងអស់រីករាយកក់ក្តៅ ហើយពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំពោះសកម្មភាពដ៏មមាញឹករបស់សមាគមគ្រប់ថ្នាក់ រួមទាំងបានសាទរ ចំពោះចំណាត់ការជាច្រើនទៀត របស់សមាគម និងរាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងគោលដៅបម្រើផលប្រយោជន៍ពិតៗជូនអតីតយុទ្ធជន។

ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ ក៏មានការធ្វើបច្ចុប្បន្នភាពជាក់ស្តែងក្នុងចំណោមសមាជិកសមាគម នៃខេត្តទាំង៦ ក្នុងយោធភូមិភាគ៣។ តាមរយៈការធ្វើបច្ចុប្បន្នភាពនេះបានរកឃើញថា ខេត្តទាំង៦នេះមានអតីតយុទ្ធជនសរុបប្រមាណ ១៤,៥២៩នាក់ ហើយបានរកឃើញអតីតយុទ្ធជនទ័លក្រ ៤៤៥នាក់។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសផ្តល់ផ្ទះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៨០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនជាសមាជិកសមាគមក្រលំបាក។ មកដល់ពេលនេះ ផ្ទះជាអំណោយរបស់សម្តេចតេជោ បានកើនដល់ចំនួន ២៤៥ខ្នង។ ក្នុងនោះនៅខេត្តកំពង់ស្ពឺ ៩៤ខ្នង, ខេត្តតាកែវ ៦០ខ្នង, កែប ១៩ខ្នង, ខេត្តកំពត ៥២ខ្នង ខេត្តព្រះសីហនុ ៩ខ្នង និងខេត្តកោះកុង ១០ខ្នង។

របាយការណ៍ក៏បានបង្ហាញផងដែរថា ក្នុងរយៈពេលជាង ៣ឆ្នាំចុងក្រោយនេះ សមាគមពិនិត្យឃើញថា ការបើកផ្តល់មរណសង្គ្រោះជូនគ្រួសារសព មានដំណើរការកាន់តែរលូនជាលំដាប់។ ក្នុងឆ្នាំ២០១៨ កន្លងមក សមាគមបណ្តាខេត្ត ក្នុងយោធភូមិភាគទី៣ បានបើកផ្តល់ជូនសមាជិកមរណភាពសរុប ៣៤២សព ដោយប្រើប្រាស់ថវិកាសម្តេចតេជោ ៧២សព, ថវិកាបេឡាមរណៈសង្គ្រោះ ២៧០សព និងបានចលនាសប្បុរសជនជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគយ៉ាងច្រើនសន្ធឹកសន្ធាប់ រួមទាំងថវិកាជាង ២០០លានរៀល ជួយដល់អតីតយុទ្ធជនថែមទៀត។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានប្រកាសទទួលស្គាល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៦ ក្នុងយោធភូមិភាគ៣ ជាអនុប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តបន្ថែមទៀត ទៅក្នុងរចនាសម្ព័ន្ធដែលមានស្រាប់ ធ្វើឲ្យសមាគមកាន់តែមានសមាសភាពគ្រប់គ្រាន់ ក្នុងការបំពេញការងារជូនអតីតយុទ្ធជន។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តម គន់ គីម បានស្នើឲ្យគណៈបញ្ជាការឯកភាពខេត្តគោលដៅកំពង់ស្ពឺ ព្រះសីហនុ កោះកុង និងកំពត ត្រូវពង្រឹងវិធានការគ្រប់គ្រង ដីសម្បទានសង្គមកិច្ចបម្រុងទុករបស់រដ្ឋ ដែលមានក្នុងទីតាំងខេត្តរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់ ហើយរួសរាន់ពិនិត្យរៀបចំ បែងចែក ជូនអតីតយុទ្ធជនខ្វះលទ្ធភាពពិតប្រាកដ តាមរយៈបច្ចុប្បន្នភាពកន្លងមក ដើម្បីបានអាស្រ័យផលតាមការកំណត់របស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា អតីតយុទ្ធជនទ័លក្រ នៅបណ្តាខេត្តទាំង៦ ក្នុងយោធភូមិភាគទី៣ ដែលសមាគមកំពុងពិនិត្យដោះស្រាយជាអាទិភាព អ្នកដែលត្រូវការដីសម្បទានសង្គមកិច្ចពិតប្រាកដមានចំនួនសរុប ៤៤៣គ្រួសារ៕