កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស​ របស់ក្រុមប្រឹក្សាខេត្តសៀមរាប​ អាណត្តិទី២


នៅព្រឹកថ្ងៃទី ២រោច​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២១ ខែ កុម្ភះ ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ដើមី្បធ្វើការត្រួតពិនិត្យ ទៅលេីបញ្ហាដែលនៅ​សេសសល់រាល់ការ ឆ្លើយតប និង ដោះស្រាយនូវរាល់សំណួរ និង សំណូមពររបស់ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន តាមរយៈវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៨ ។ កិច្ចប្រជុំនេះដឹកនាដោយលោក ង៉ាន់ ភិរុណ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប ។

បន្ទាប់ពីលោក ង៉ាន់ ភិរុណ ប្រកាសបើកកិច្ចប្រជុំ និង ការពិនិត្យកូរ៉ុម ព្រមទាំងពិនិត្យ អនុម័តលើរបៀបវារៈ រួចមក ក្នុងនោះអង្គប្រជុំទាំងមូល ក៏បានធ្វើការត្រួតពិនិត្យ ការធ្វើបច្ចុប្បន្នភាព និង ធ្វើការពិនិត្យ ពិភាក្សា ដោះស្រាយលើបញ្ហាបណ្តាស្រុកមួយចំនួន យឺតយ៉ាវក្នុងការធ្វើអាណត្តិបើកប្រាក់បៀវត្សមករតនាគារ និង ការផ្តល់យោបល់លើការកសាងផែនការធនធានមនុស្សសម្រាប់ឆ្នាំ២០២០ និង ការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល កំពុងបម្រើការងារនៅតាមការិយាល័យ​រដ្ឋបាលក្រុង ស្រុក ។ ក្នុងនោះដែរក៏មានការអនុម័ត លើលទ្ធផលនៃការអនុវត្តការងាររបស់ គណៈកម្មាធិការសម្របសម្រួល បច្ចេកទេស របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ និង លើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាខេត្ត និង វិធានការណ៍ទប់ស្កាត់ និង គ្រប់គ្រងការអភិវឌ្ឍន៍ដីក្នុងខេត្តសៀមរាប ព្រមទាំងការធ្វើបច្ចុប្បន្នភាព ការដោះស្រាយលើ សំណួរ និង សំណូមពរ ដែលបានលើក នៅក្នុងវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ឆ្នាំ២០១៧ និង ២០១៨។ ក្នុងនោះឆ្នាំ ២០១៧គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស បានដោះស្រាយសំណួរ​និង សំណូមពរ ដែលបានលើកឡើងក្នុងអង្គវេទិកា បានចំនួន១៣៥ លើចំនួនសរុប២០៤ នៅសល់ចំនួន ៦៩ អង្គប្រជុំនឹងបន្ត តាមដានការដោះស្រាយនៅឆ្នាំ២០១៩បន្ត ។

កិច្ចប្រជុំ បានពិនិត្យ និង ការធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយ នូវរាល់សំណួរ និង សំណូមពរ របស់ ប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ហេីយសាមីមន្ទីរដែលមានការពាក់ព័ន្ធ ក៏បានធ្វើការបញ្ជាក់ទៅលើគម្រោងរបស់ខ្លួន សំខាន់លើការ បើកផ្តល់ប្រាក់បៀវត្ស ការកសាងផែនការធនធានមនុស្ស និង ការគ្រប់គ្រងមន្ត្រីរាជការ ការដាក់វិធានការទប់ស្កាត់ និង គ្រប់គ្រងការអភិវឌ្ឍន៍ដីក្នុងខេត្តសៀមរាប ។

លោក​ ង៉ាន់​ភិរុណ​ អភិបាលរងខេត្ត​ ​ក៏បានបន្តទៀតថា រាល់កិច្ចការ ដែលមន្ទីរធ្វើបាន ឬមិនធ្វើបាន ត្រូវធ្វើសេចក្តីរាយការណ៍ជូនមករដ្ឋបាលសាលាខេត្ត ក្នុងការធ្វើបច្ចុប្បន្នភាព និងឲ្យមន្ទីរពាក់ព័ន្ធទាំងនោះ ត្រូវស្វែងរកនូវវិធានការ ក្នុងការសម្របសម្រួល និង ដោះស្រាយរបស់ខ្លួនឲ្យអស់លទ្ធភាព ហេីយក៏បានដាក់នូវវិធានការមួយចំនួន ឲ្យអាជ្ញាធរក្រុង ស្រុក មានកិច្ចសហការគ្នាជាមួយឃុំ សង្កាត់ ធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋ នូវរាល់បញ្ហាដែលបងប្អូនបានលើកឡើងកន្លងមក ត្រូវបានមន្ទីរ ស្ថាប័នពាក់ព័ន្ធ បានធ្វើការដោះស្រាយបានជាបណ្តើរៗ និងបានដាក់នូវវិធានការក្តៅ ចំពោះបញ្ហាមន្ត្រីគ្រប់ជាន់ថ្នាក់ ដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ របស់ប្រជាពលរដ្ឋ និងត្រូវធ្វើការកែប្រែនូវឥរិយាបទរបស់ខ្លួនជាបន្ទាន់ ដើមី្បឲ្យបានជាមន្ត្រីបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រឡើយ៕