ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងជម្រុញឲ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសពង្រឹងអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដើម្បីឈានទៅសំរេចគោលដៅរបស់កម្មវិធីនាឆ្នាំ២០២៥ ដោយអនុវត្តន៌សកម្មភាព​ តាមបែប​ METT


សៀមរាប)៖ ឯកឧត្តមរដ្ឋមន្ដ្រីក្រសួងសុខាភិបាលសាស្ត្រាចារ្យម៉ម ប៊ុនហេងជម្រុញឲ្យមន្រ្តីសុខាភិបាលទូទាំងប្រទេសពង្រឹងអនុវត្តយុទ្ធសាស្ត្រលុបបំបាត់ជំងឺគ្រុនចាញ់ដើម្បីឈានទៅសំរេចគោលដៅរបស់កម្មវិធីនាឆ្នាំ២០២៥ ដោយអនុវត្តន៌សកម្មភាព​ តាមបែប​ METT ៖

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថាក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨និងលើកទិសដៅឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្តនិងបាណកសាស្រ្តនៃក្រសួងសុខាភិបាល នៅថ្ងៃ ពុធ ១រោច ខែមាឃ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩នៅសណ្ឋាគាអង្គរអេរ៉ាក្រុងសៀមរាប ។​ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកឡើងថាការចូលរួមចំណែកយ៉ាងសកម្មពីមន្ដ្រីពាក់ព័ន្ធនេះគឺជាភាពចំាបាច់បំផុតដើម្បីសម្រេចឲ្យបាននូវផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០១១-២០២៥ ពិសេសគឺក្នុងដំណាក់កាលដំបូង ត្រូវលុបបំបាត់ឲ្យបាននូវជំងឺគ្រុនចាញ់ប្រភេទហ្វាល់ស៊ីប៉ារ៉ូម​​ នាឆ្នាំ២០២០ ព្រមទាំងខិតខំទប់ស្កាត់ការរាតត្បាតរបស់ជំងឺគ្រុនឈាមឲ្យទាន់ពេលវេលា រក្សា និងពង្រីកអត្រាគ្របដណ្តប់ការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាពឲ្យនៅខ្ពស់លើសពី៩០%។

ឯកឧត្តមសាស្ដ្រាចារ្យបានថ្លែងទៀតថាលើសពីនោះអត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានថយចុះយ៉ាងខ្លាំងគឺពុំមានអ្នកស្លាប់ទេក្នុងឆ្នាំ២០១៨តែចំនួនអ្នកឈឺនៅមានចំនួនច្រើនដែលត្រូវផ្តោតការយកចិត្តទុកដាក់បន្តផ្តល់ការធ្វើតេស្តរកជំងឺគ្រុនចាញ់ដោយធ្វើតេស្តរកជំងឺគ្រុនចាញ់លើក្រុមប្រជាជនដែលប្រឈមនៅតាមតំបន់ដែលមានអ្នកជំងឺគ្រុនចាញ់ច្រើននិងផ្តល់ថ្នាំគ្រុនចាញ់ព្យាបាលភ្លាមៗតែម្តងពេលធ្វើតេស្តឃើញភ្លាម ។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យមន្ទីរសុខាភិបាលខេត្ត ដែលមានចំនួនអ្នកឈឺគ្រុនចាញ់ច្រើន ដូចជាខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង មណ្ឌលគិរី ព្រះវិហារ ពោធិសាត់ ក្រចេះស្ទឹងត្រែងត្រូវបន្តអនុវត្តការកជំងឺគ្រុនចាញ់ជូនដល់ប្រជាជនដែលប្រឈមខ្ពស់និងតំបន់ដែលមានជំងឺគ្រុនចាញ់ខ្ពស់ដោយផ្តល់ថ្នាំគ្រុនចាញ់ជូនភ្លាមៗប្រសិនបើមានគ្រុនចាញ់ (Proactive Case Detection)ដោយមិនបង្អែរបង្អង់យូរឡើយជាពិសសការផ្តល់មុងជ្រលក់ថ្នាំអោយបាន១០០% ដល់ប្រជាជនគោលដៅនិង ប្រជាជនចលត័និងចំណាកស្រុក។ ធ្វើយ៉ាងដូច្នេះទើបអាចជម្រុញការកាត់បន្ថយបានលឿននូវចំនួនអ្នកឈឺ។ចំពោះ
ខេត្ដដែលមានតំបន់មានករណីគ្រុនចាញ់ច្រើនត្រូវបង្កើនសកម្មភាពរុករកស្រាវ
ជ្រាវនិងព្យាបាលទ្វេរដង។ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៏ជាគន្លិះបន្ថែម ដល់អង្គសន្និបាតថា៖​
• ខ្ញុំសុំផ្តួចផ្តេីមគំនិតមួយនិងជម្រុញឲ្យមន្ត្រីទាំងអស់ត្រូវអនុវត្តន៌ដោយត្រូវចុះជួបប្រជាជនចំណុច​ផ្ទាល់និង ផ្តល់ការអប់រំដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងការការពារជំងឺគ្រុនចាញ់ ព្រមទាំងធ្វើតេស្តឈាម និងព្យាបាល​ភ្លាមៗ​ ដែលខ្ញុំសុំហៅកាត់ថា METT(Meet and Education for behavior change Test & Treat)
• ចុះជួយគ្រួសារកងទ័ពក្នុងការព្យាបាលជំងឺគ្រុនចាញ់
• ផ្លាស់ប្តូរបទពិសោធន៏គ្នាពីកន្លែងមួយទៅកន្លែងមួយក្នុងការលប់បំបាត់ជំងឺគ្រុនចាញ់
ជំងឺគ្រុនឈាម
• ត្រូវត្រួតពិនិត្យមើលនៅកន្លែងការដ្ឋានសំណង់ កន្លែងធ្វើឡាន និងបរិវេនជំវិញផ្ទះដើម្បីលុបបំបាត់ជំរកមូសខ្លា
ជំងឺដង្កូវព្រូន

• ត្រូវផ្តល់ថ្នាំនិងការអប់រំបន្ថែមដល់សាលារៀនពីបញ្ហាជំងឺដង្កូវព្រូន

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនិងមន្ទីរសុខាភិបាលទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដោយសម្រេចបាននូវលទ្ធផលល្អគួរជាទីមោទនៈនាឆ្នាំ២០១៨កន្លងមករបស់កម្មវិធីជាតិទាំងបីគឺកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនិងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូនដែលបានធ្វើឲ្យអត្រាស្លាប់ដោយជំងឺគ្រុនចាញ់បានចុះទាបជាងសូច្ចនាករផែនការលុបបំបាត់ជំងឺគ្រុនចាញ់ឆ្នាំ២០២០។ចំណែកឯអត្រាអាំងស៊ីដង់និងអត្រាស្លាប់នៃជំងឺគ្រុនឈាមក៏ស្ថិតនៅទាបជាងសូចនាករគ្រោងសម្រាប់ឆ្នាំ២០១៨។ដោយឡែកការផ្តល់ថ្នាំទម្លាក់ព្រូនជាសមូហភាពល់ក្រុមគោលដៅ បានជាង៥លាននាក់។
គួររម្លឹកថាការបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តនៃក្រសួងសុខាភិបាល នេះក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងរាជធានី-ខេត្ត លោកជំទាវរដ្ឋលេខាធិការឯកឧត្តមទីប្រឹក្សាអមក្រសួងសុខាភិបាលឯកឧត្តមអគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងនាយកដ្ឋានសុខាភិបាលនៃក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិតំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាលោកប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត និងដៃគូសុខាភិបាលផ្សេងទៀត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ទាំង២៥ រាជធានី-ខេត្ត មន្រ្តី និងបុគ្គលិកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត លោក លោកស្រីតំណាងមជ្ឈមណ្ឌលជាតិ តំណាងក្រសួងមន្ទីរនានា តំណាងដៃគូអភិវឌ្ឍសុខាភិបាល និងភ្ញៀវជាតិ អន្តរជាតិ សរុបចំនួនជាង៤០០នាក់ផងដែរ ៕