ឯកឧត្តម ហ៊ុន ម៉ានី សាទរយន្តការចលនាប្រឡងប្រណាំង បម្រើសេវាល្អដល់ប្រជាពលរដ្ឋ របស់មន្ត្រីឃុំ-សង្កាត់ ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ចាម


(កំពង់ចាម)៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអបអរសាទរ ចំពោះយន្តការចលនាប្រឡងប្រណាំង បម្រើសេវាល្អជូនប្រជាពលរដ្ឋ របស់មន្ត្រីឃុំ-សង្កាត់ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងដូច្នេះនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំធំសាលាខេត្តកំពង់ចាម ក្នុងពិធីសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងគរុសិស្សមជ្ឈមណ្ឌល គរុកុសល្យភូមិភាគខេត្តកំពង់ចាម និងសាខាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាម។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងទៀតថា ចលនាប្រឡងប្រណាំង បម្រើសេវាល្អជូនប្រជាពលរដ្ឋ របស់មន្ត្រីឃុំ-សង្កាត់ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ចាម គឺជាវិធានការល្អមួយ ដែលឈានទៅរក ការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទូទាំងខេត្តកំពង់ចាមតែម្តង។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម គួច ចំរើន បានថ្លែងរំលឹកថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសលទ្ធផល និងផ្ដល់រង្វាន់លើកទឹកចិត្ត នៃចលនាអនុវត្តប្រឡងប្រណាំងឃុំ-សង្កាត់ បម្រើសេវាល្អ ក្នុងខេត្តកំពង់ចាម ប្រចាំឆ្នាំ២០១៨ រួចមកហើយ ដែលចលនានេះ បានបង្កើតឡើងក្នុងគោលបំណង ផ្ដល់សេវាសាធារណៈ ឲ្យមានប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព គណនេយ្យភាព និងឆ្លើយតបទៅនឹងតម្រូវការ ជាក់លាក់របស់ប្រជាពលរដ្ឋ។ ហើយក្រោយពីមាន ចលនាប្រឡងប្រណាំងឃុំ-សង្កាត់ មន្ត្រីអាជ្ញាធរមូលដ្ឋាន បានបម្រើសេវាល្អ និងបានផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ។

បើតាមឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្ត បានដាក់ចេញនូវចលនា ប្រឡងប្រណាំងឃុំ-សង្កាត់ បម្រើសេវាល្អនេះ ដោយតម្រូវឲ្យមន្ត្រីរដ្ឋបាលឃុំ-សង្កាត់ ទាំង១០៩ អនុវត្តន៍ការផ្ដល់សេវាសាធារណៈ សំខាន់ៗចាំបាច់ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានឱ្យដល់ខ្នងផ្ទះ នូវសេវាសាធារណៈចំនួន៧មុខគឺ៖ ការចុះសំបុត្រកំណើត, ការចុះសំបុត្រអាពាហ៍ពិពាហ៍, ការចុះសំបុត្រមរណភាព, ការចុះបញ្ជីឈ្មោះស្នាក់នៅអចិន្ត្រៃយ៍ក១, ការផ្ដល់សៀវភៅស្នាក់នៅក២, ការចុះឈ្មោះក្នុងបញ្ជីគ្រួសារក៣ និងការផ្ដល់សៀវភៅគ្រួសារក៤។

ឯកឧត្តម គួច ចំរើន បន្តថា បន្ទាប់ពីបានដាក់ចេញ នូវការអនុវត្តចលនានេះឃើញថា មន្ត្រីបានចូលរួមយ៉ាងផុលផុស ពីមេឃុំ-ចៅសង្កាត់, ស្មៀនឃុំសង្កាត់, នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំសង្កាត់។ ជាមួយគ្នានោះដែរ សកម្មភាពរបស់រដ្ឋបាលឃុំ-សង្កាត់ ក្នុងការចុះបំរើសេវាដល់ខ្នងផ្ទះប្រជាពលរដ្ឋ ក៏ត្រូវបានបង្ហោះផ្សព្វផ្សាយ នៅក្នុងបណ្ដាញសង្គម Facebook និងមានការគាំទ្រ ពីប្រជាពលរដ្ឋជាច្រើននៅតាមមូលដ្ឋាន និងនៅតាមបណ្ដាញសង្គមផងដែរ៕