អគារសិក្សាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូនអនុវិទ្យាក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សាងសងសម្រេចបាន៤០%ហើយ


អំណោយអគារសិក្សារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូនដល់អនុវិទ្យាល័យក្រយា ស្រុកន្ទុក ខេត្តកំពង់ធំ បានសាងសងសម្រេចបានប្រមាណ៤០%ហើយ។ នេះបើតាមការបញ្ជាក់ពីអ្នកទទួលខុសត្រូវការសាងសង់ ថ្លែងបញ្ជាក់ប្រាប់លោក ជា ចាន់តូ សមាជិកគណៈអចន្រ្ដៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា។

អគារសិក្សាអនុវិទ្យាល័យក្រយា ចំនួន១ខ្នងកម្ពស់២ជាន់ ត្រូវបានសាងសង់ឡើង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដោយនាំមកជូនដោយ ឯកឧត្តម ជា ចាន់តូ។

ការផ្ដល់ជូនអគារសិក្សាដល់អនុវិទ្យាល័យក្រយានេះ ធ្វើឡើងបន្ទាប់ពីមើលឃើញថា បច្ចុប្បន្នក្នុងស្រុកនេះ កំពុងតែខ្វះខាតខ្លាំងនូវអគារសិក្សា ហើយក៏ដើម្បីចូលរួមបណ្ដុះបណ្ដាល ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ។

ក្នុងនោះ ឯកឧត្តម ជា ចាន់តូ ក៏បានជួយកសាងរបងព័ទ្ធជុំវិញអនុវិទ្យាល័យក្រយានេះផងដែរ។ ឯកឧត្តមក៏បានជំរុញឲ្យជាងសាងសង់ ដោយយកចិត្តទុកដាក់ និងពន្លឿនការសាងសង់ ឲ្យឆាប់រួចរាល់ផងដែរ។

ជាក់ស្ដែង ឯកឧត្តម ជា ចាន់តូ ក៏បានអញ្ជើញចុះដោយផ្ទាល់ ដើម្បីពិនិត្យមើលការសាងសង់ និងជួបសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូផងដែរ។

 ឯកឧត្តម ជា ចាន់តូ ឲ្យដឹងថា ក្មួយៗជំនាន់នេះ ពិតជាមានសំណាងណាស់ ដែលមានថ្នាក់ដឹកនាំប្រទេស ប្រកបដោយគតិបណ្ឌិត។​ បន្ទាប់ពីទទួលបានអគារសិក្សានេះសង្ឃឹមថា ក្មួយៗទាំងអស់គ្នានឹងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានពូកែ និងក្លាយខ្លួនជាទំពាំងស្នងឬស្សី។

 ឯកឧត្តមបន្ថែមថា ពីមុននៅក្នុងឃុំក្រយានេះ មិនមានសាលារៀន ដូចបច្ចុប្បន្នទេ ប៉ុន្ដែបន្ទាប់ពីមានការដឹកនាំដ៏ល្អរបស់រាជរដ្ឋាភិបាល ទើបមានសុខសន្ដិភាពដូចបច្ចុប្បន្ននេះ។

 ឯកឧត្តមបញ្ជាក់ថា ដូច្នេះសូមកូនក្មួយទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាធនធានមនុស្ស ប្រកបដោយសមត្ថភាព សម្រាប់រួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត៕