ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន​៖ ប្រទេសជាតិមានសុខ សន្តិភាព បានផ្ដល់ឲ្យយុវជន​ទទួលបានអ្វីៗគ្រប់យ៉ាង​ដូចបច្ចុប្បន្ន​


ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន សមាជិកាគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈចលនាមហាជន បានលើកឡើងថា ប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍គ្រប់ទីកន្លែង ដូចបានឃើញស្រាប់នាពេលបច្ចុប្បនេះ បានផ្ដល់អត្ថប្រយោជន៍ដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស ពិសេស​យុវជន​ទទួលបាននូវចំណេះដឹង និងជំនាញដើម្បីបំពេការងារគ្រប់វិស័យ។​

ការថ្លែងរបស់ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ត្រូវបានធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាស​បានអញ្ជើញ​ជាអធិបតី ក្នុងពិធីជួបជុំ ជាមួយថ្នាក់ដឹកនាំយុវជនគណបក្សទូ​ទាំងប្រទេស ដែលបានប្រារព្ធឡើងនៅសាលមហោស្រពកោះពេជ្រ។

ជំនួបថ្នាក់ដឹកនាំយុវជនទូទាំងប្រទេសនាពេលនេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អះអាងថា ត្រូវបានរៀបចំឡើង​ក្នុងបរិបទដែលស្ថានភាព សង្គ្រាមសតិអារម្មណ៍ កាន់តែស្រួចស្រាល់​ឡើង ហើយក្នុងនោះជំនួបនេះ មានគោលបំណងសំខាន់ ដើម្បីធ្វើបច្ចុប្បន្នភាពដល់សកម្មជនយុវជនគណបក្សទាំងអស់ យល់ពីស្ថានភាពជាក់ស្តែង ទាំងបញ្ហា​សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ និងការងារសតិអារម្មណ៍ ក្នុងបរិបទនយោបាយនាពេលបច្ចុប្បន្ន។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ​ក៏បានលើកឡើងអំពីស្ថានភាពនយោបាយនៅពេលបច្ចុប្បន្ននេះ មានការវិវត្តន៍គួរឲ្យកត់សម្គាល់ ពិសេស​ការសម្រេចរបស់គណៈកម្មការអឺរ៉ុប លើការចាប់ផ្តើមនីតិវិធី នៃការព្យួរ EBA (គ្រប់មុខទំនិញលើកលែងតែអាវុធ) ការបំភ្លៃព័ត៌មានអំពីការបោះទីតាំងទ័ពបរទេស ក្នុងទឹកដីកម្ពុជា បញ្ហានិន្នាការនយោបាយសកល និងការបំផុសបញ្ហាមួយចំនួនក្នុងប្រទេស ក្នុងបំណងធ្វើឲ្យប៉ះពាល់សតិអារម្មណ៍មហាជន ពិសេស​យុវជននៅប្រទេសកម្ពុជា​តែម្តង។

ជារួមឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានរំលឹកនូវប្រសាសន៍ដឹកនាំរបស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាដែរថា «មិនត្រូវយកអធិបតេយ្យភាពរបស់យើង ទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ, ត្រូវរស់ដោយអុកស៊ីសែនខ្លួនឯង ដោយមិនត្រូវពឹងនូវខ្យល់ដែលគេបញ្ចូលឲ្យយើងនោះទេ និងទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយជាអ្នកមានបានដែរ»

ជាទីបញ្ចប់ ក្នុងនាមគណៈចលនាមហាជនគណៈកម្មាធិការកណ្តាលគណបក្ស ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ក៏បានសំណូមពរឲ្យ​លោក លោកស្រី ដែលបានអញ្ជើញចូលរួមថ្ងៃនេះ ត្រូវត្រង់ត្រាប់ស្តាប់នូវបទឧទ្ទេសនាមរបស់វាគ្មិន ដើម្បីធ្វើជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តទៀត៕