តំណាងរាស្ដ្រ ច័ន្ទ សារុន អំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិភាព ឲ្យនៅស្ថិតស្ថិរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅ​


(តាកែវ)៖ ឯកឧត្តម ច័ន្ទ សារុន តំណាងរាស្ដ្រមណ្ឌលតាកែវ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកត្រាំកក់ នៅថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធឆ្លងស្រះទឹក និងសមិទ្ធផលនានា នៅវត្តឧត្តមសុរិយា ស្ថិតក្នុងឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ដែលចំណាយថវិកាសរុបជិត៨ម៉ឺនដុល្លារ។

ក្នុងឱកាសនោះ ឯកឧត្តមតំណាងរាស្ដ្រ ច័ន្ទ សារុន បានថ្លែងថា សមិទ្ធផលនានាដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​នៅថ្ងៃនេះ ​ត្រូវ​ទុកជាសម្បត្តិជាតិ ជាពិសេសជាសមិទ្ធផលមួយដ៏ធំរបស់វត្តផងដែរ ហើយក៏អាចឆ្លុះបញ្ចាំងបានថា ស្រុកត្រាំកក់ ខេត្តតាកែវ មានការអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។

ឯកឧត្តម ច័ន្ទ សារុន ​បានបន្តថា ប្រទេសមួយដែលមានការអភិវឌ្ឍ​រីកចម្រើន លុះត្រាតែក្នុងប្រទេសនោះ មានសុខសន្តិភាព ប្រជាពលរដ្ឋមាន​សិទ្ធិសេរីភាព ប៉ុន្តែបើប្រទេសមិនមានសុខសន្តិភាព ប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពទេ ប្រទេសនោះក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដូច្នេះសុខសន្តិភាព ជាកត្តាចំបង ក្នុងការអភិវឌ្ឍ​ប្រទេស។ ឯកឧត្តម​ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវចូលរួមថែរក្សា សន្តិភាព ដែលមាននៅក្នុងប្រទេសកម្ពុជា ឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅទៀត សម្រាប់អគនាគតកូនចៅ​ទំាងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តមតំណាងរាស្ដ្រ ក៏បានចូលបច្ច័យបុណ្យចំនួន២,០០០,០០០រៀល, ​ថ្លៃរៀបចំជណ្តើរស្រះទឹកចំនួន២,៩៣៥ដុល្លារ, លោកគ្រូ អ្នកគ្រូ ៧៥នាក់ទទួលបានថវិកា២០,០០០រៀល និងសារុង១​ម្នាក់, តាជីយាយជី៨០នាក់ ទទួលបានក្រណាត់ស១ដុំ និងថវិកា១០,០០០រៀល, សិស្សានុសិស្ស១៥០នាក់ ទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម និងថវិកា៥,០០០រៀល៕​