សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៥៣


ព្រឹកថ្ងៃច័ន្ទ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ កុម្ភៈ ឆ្នាំ ២០១៩នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាសម្តេចវិបុលសេនាភក្តី សាយ ឈុំ
អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី និងថ្លែងបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៥៣ ដែលមានសិក្ខាកាមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគណកម្មាធិការគណបក្សក្រសួង ស្ថាប័ន ខេត្ត ស្រុក សរុបចំនួន៩៤រូប(ស្រី១១រូប) បានអញ្ជើញចូលរួមរៀនសូត្រ។
សម្តេច អនុប្រធានគណបក្ស មានប្រសាសន៍ថា “ការអប់រំនយោបាយ គឺជាគោលកាណ៍ដ៏ចម្បងមួយ ដែលគណបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក ដើម្បីបណ្តុះបណ្តាល និងបំពាក់បំប៉នដល់មន្ត្រីគណបក្ស ឲ្យកាន់តែមានសមត្ថភាព គុណធម៌ និងការទទួលខុសត្រូវក្នុងការអនុវត្តនូវភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងសំណូមពរនៃតំណាក់កាលនីមួយៗ  ជាពិសេសការដឹកនាំក្នុងប្រព័ន្ធប្រជាធិបតេយ្យ សេរី ពហុបក្សនាពេលបច្ចុប្បន្ននេះ។
សម្តេច បន្តទៀតថា ចាប់ផ្តើមតាំងពីឆ្នាំ២០១៥មកថ្នាក់កណ្តាលគណបក្សសម្រេចបានការបើកវគ្គបានចំនួន ៥២វគ្គ រួចមកហើយ និងមានសិក្ខាកាមចូលរួមរៀនសូត្រសរុប ៣.៨១៦រូប និងថ្នាក់រាជធានី ខេត្ត ក៏បានបើកវគ្គចំនួន ៤៣០វគ្គ ដែលមានសិក្ខាកាមសរុប ៤៤.២៧៦រូប។ បន្ទាប់ពីបញ្ចប់វគ្គជំនាន់ទី៥៣នេះទៅ យើងនៅបន្តបើកចំនួន៨វគ្គទៀត ដែលនឹងបញ្ចប់ជាមូលដ្ឋាននូវកម្មវិធីអប់រំនយោបាយវគ្គI ហើយចាប់ពីឆ្នាំ២០២០ទៅយើងត្រូវបន្តបើកវគ្គអប់រំនយោបាយដល់មន្ត្រីគណបក្ស ដែលបានឆ្លងវគ្គI ជាបន្តទៀត ដើម្បីឆ្លើយតបទៅនឹងសំណូមពរនៃការកសាងពង្រឹងជួរមន្ត្រីគណបក្សសម្រាប់ពេលបច្ចប្បន្ន និងតទៅអនាគតយូរអង្វែង៕