ប្រទេសឥណ្ឌា ចាប់អារម្មណ៍វិនិយោគលើវិស័យអាទិភាពចំនួន ៤ នៅកម្ពុជា


(ញូវដែលី)៖ តំណាងវិស័យឯកជននៃប្រទេសឥណ្ឌា បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសំខាន់ៗចំនួន៤ នៅក្នុងប្រទេសកម្ពុជា រួមមាន៖ វិទ្យាសាស្រ្ត និងបចេ្ចកវិទ្យា ទេសចរណ៍ ហេដ្ឋាចរចនាសម្ព័ន្ធ (ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន) និងកសិឧស្សាហកម្ម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឱ្យបានខ្លាំងក្លាថែមទៀត។

គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង លោក សាន់ឌិប សូម៉ានី (Sandip Somany) ប្រធានសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ជាមួយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ដែលជាផ្នែកមួយនៃកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី៤ នៅក្នុងទីក្រុងញូវដែលី ប្រទេសឥណ្ឌា។

នៅក្នុងឱកាសនោះ លោក សាន់ឌិប សូម៉ានី បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី អំពីទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា និងរដ្ឋជាសមាជិកអាស៊ាន ព្រមទាំងចក្ខុវិស័យរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយកម្ពុជា ដែលបច្ចុប្បន្ននៅមានទំហំតិចតួចនៅឡើយ បើធៀបជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់។

ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍ចំពោះគម្រោងវិនិយោគខាងលើ និងបានជម្រាបជូន លោក សាន់ឌិប សូម៉ានី អំពីលក្ខណៈអំណោយផលនៃទីតាំងភូមិសាស្ត្រប្រទេសកម្ពុជា គោលនយោបាយបើកចំហរ និងគោលការណ៍លើកទឹកចិត្តវិនិយោគផ្សេងៗរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ ដែលមានគោលដៅប្រែក្លាយកម្ពុជា ពីប្រទេសដែលពឹងផ្អែកខ្លាំងលើការប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញនៅឆ្នាំ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីសក្តានុពលនៃវិស័យកសិកម្ម និងកសិឧស្សាហកម្មកម្ពុជា និងបានស្នើសុំលោក សាន់ឌិប សូម៉ានី ជួយកៀងគរធុរជនឥណ្ឌា ធ្វើការបណ្តាក់ទុនលើការកែច្នៃកសិផលខ្មែរ សម្រាប់នាំចេញទៅកាន់ប្រទេសឥណ្ឌា និងផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងពិភពលោក។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ វប្បធម៌ និងកិច្ចសហប្រតិបត្តិការធុរកិច្ចនៃប្រទេសទាំងពីរថែមទៀត។