សម្ដេចតេជោ ហ៊ុន សែន បញ្ជា​ក្រសួងប្រៃសណីយ៍ រៀបចំដាក់​ Free Wifi នៅតាមតំបន់ទេសចរណ៍ទូទាំងប្រទេស ឲ្យបានមុនឆ្នាំ២០២៣


ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រាប់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវរៀបចំដាក់ Free Wifi នៅតាមបណ្ដាតំបន់ទេសចរណ៍ទូទាំងប្រទេស ពិសេសរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម ឲ្យបានមុនឆ្នាំ២០២៣។

បន្ថែមពីនេះ សម្ដេចតេជោ​ ហ៊ុន សែន ដែលជាអ្នកនិយមប្រើប្រាស់អ៉ីនធើណេតម្នាក់ដែរនោះ ក៏បាន​ក្រើនរំលឹកដល់ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍​តាមពិនិត្យឲ្យបានម៉ត់ចត់ទៅលើបញ្ហា Free Wifi ព្រោះការប្រើ Wifi នេះមិនទាន់មានប្រសិទ្ធភាពនៅឡើយទេ ពោលមាន​ Wifi តែអត់មានអ៉ីនធើណេត។​

ការលើកឡើងរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្តេច​អញ្ជើញជាអធិបតីប្រារព្ធពិធី «ទិវាជាតិទីក្រុងស្អាត» លើកទី៧ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ទន្ទឹមនេះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ត្រូវបំពាក់ឲ្យមាន ហ្វី វ៉ាយហ្វាយ (Free Wifi) នៅតាមគោលដៅទេសចរណ៍នីមួយៗ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបងឲ្យបានមុនឆ្នាំ​២០២៣​។ ចំណុចនេះ ខ្ញុំក៏សូមទាក់ទាញឲ្យមានការយកចិត្តទុកដាក់ ព្រោះស្ថានភាពដែលយើងបានធ្វើនៅទីក្រុងភ្នំពេញ ប៉ុន្មានកន្លែងនេះ​ហាក់ដូចជាមិនទាន់មានប្រសិទ្ធភាពទេ»

ទន្ទឹមគ្នានេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគូសបញ្ជាក់ឲ្យម្ចាស់ទីតាំងសណ្ឋាគារ ឬកន្លែងផ្សេង មានការប្រុងប្រយ័ត្ន​នៅពេលជួលក្រុមហ៊ុនអ៉ីនធើណេត មកតម្លើង Wifi នៅទីតាំងរបស់ខ្លួនត្រូវការ ប៉ុន្ដែអ៉ីនធើណេតមិនដំណើរការ ហើយក្រុមហ៊ុនគិតលុយដូចធម្មតា។

សម្ដេចក្នុងនាមជាអ្នកនិយមប្រើអ៉ីនធើណេតម្នាក់ ក៏បានអះអាងថា នៅក្នុងកាបូបរបស់សម្ដេចមានដុំអ៉ីនធើណេតដល់ទៅ២គ្រឿង ដែលមិនចាប់សេវាក្នុងស្រុកនោះទេ ពោលចាប់ពីប្រព័ន្ធផ្កាយរណប ដើម្បីអនុញ្ញាតឲ្យសម្ដេចប្រើប្រាស់បាននៅគ្រប់ទីកន្លែង ពិសេសនៅតាមទីជនបទ។ ប៉ុន្ដែសម្ដេចហួសចិត្តថា ​កាលពីពេលកន្លងទៅ សម្ដេចទៅដល់អង្គការសហប្រជាជាតិ តែអត់មានអ៉ឺនធើណេតប្រើដែរ៕​