ជំនួបទ្វេភាគីជាមួយគណៈប្រតិភូមកមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍(MLIT)ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសលើវិស័យចម្រោះទឹកកខ្វក់


ថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម បុង ប៊ុនហួន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូមកពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍(MLIT) ដែលដឹកនាំដោយលោកHiroyuki Ishii ប្រធានសម្របសម្របរៀបចំ ផែនការទឹកកខ្វក់នៃនាយកដ្ឋានគ្រប់គ្រងបណ្តាញលូ និងទឹកកខ្វក់ប្រទេសជប៉ុន ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង តំណាងមកពីស្ថានទូតជប៉ុន ទីភ្នាក់ងារJICA ទីភ្នាក់ងារផ្នែកចម្រោះទឹកកខ្វក់ ជប៉ុន(JS)នៃទីក្រុងKitakyushu និងភាគីពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងមានគោលបំណងដើម្បីជជែកពិភាក្សាលើវឌ្ឈនភាពគម្រោងកិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស (Technical Cooperation Project, TCP) ទាក់ទងនឹងការតាក់តែងច្បាប់ ការរៀបចំ បទដ្ឋានបច្ចេកទេស និងការពង្រឹងសមត្ថភាពលើវិស័យទឹកកខ្វក់។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីតួនាទីយ៉ាងសំខាន់នៃសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងការលើកស្ទួយសុខភាពប្រជាពលរដ្ឋនៅកម្ពុជា និងបានបន្ថែមថា៖ ក្រសួងបានសហការល្អ និងធ្វើ សកម្មភាពយ៉ាងសកម្មជាមួយដៃគូអភិវឌ្ឍន៍នានាដែលបំពេញការងារលើវិស័យទឹកស្អាត និងអនាម័យ ជាពិសេសជាមួយភាគីជប៉ុន។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនភាគីជប៉ុនថា៖ ក្រសួងនៅតែត្រូវការ អ្នកជំនាញ និងអ្នកបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ ដើម្បីជួយបង្កើនចំណេះដឹងបច្ចេកវិទ្យាថ្មីបន្ថែមទៀតដល់ មន្ត្រីក្រសួង ដើម្បីអាចរៀបចំគោលនយោបាយទឹកកខ្វក់ បទប្បញ្ញត្តិច្បាប់ ការគ្រប់គ្រង និងការសាងសង់ បណ្តាញ និងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់នានានៅទូទាំងប្រទេស។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារ JICA ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលតែងតែផ្តល់ការគាំទ្រ និងចំណងមិត្តភាពដើម្បីជួយកសាងប្រទេស កម្ពុជាឱ្យរិតតែល្អប្រសើរលើគ្រប់វិស័យថែមទៀត។