ឯកឧត្តម អ៊ិត សំហេង៖ គម្រោង គាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ របស់យុវជននៅកម្ពុជា មានតម្លៃធំធេងណាស់ ក្នុងការស្វែងរកការងារ និងជំនាញវិជ្ជាជីវៈមួយដ៏ពិតប្រាកដ ដល់យុវជន


(ភ្នំពេញ)៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការងារ នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) ដែលបានរគាំទ្រហិរញ្ញវត្ថុពី ពីឆ្នាំ២០១៣ ដល់ ២០១៩ និងទទួលអនុវត្តរួមគ្នាដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) លើគម្រោង គាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារ របស់យុវជននៅកម្ពុជា និងពិធីសម្ពោធមជ្ឈមណ្ឌលការងារចល័ត នាថ្ងៃនេះ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី លើកឡើងថា តាមរយៈគម្រោងមួយនេះ វាពិតជាមានតម្លៃធំធេងណាស់ ក្នុងការផ្តល់សារទៅដល់អ្នកស្វែងរកការងារធ្វើ និងយុវជន នូវជំនាញវិជ្ជាជីវៈមួយដ៏ពិតប្រាកដ។ ទន្ទឹមនឹងនេះ ឯកឧត្តម បានស្នើដល់ភាគី ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) បន្តជួយជ្រោមជ្រែងដល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងការបង្កើតឲ្យបានកាន់តែច្រើនថែមទៀតនូវ “មជ្ឈមណ្ឌលការងារចល័ត” ដើម្បីពង្រីកវិសាលភាពនៃការផ្តល់សេវាឱ្យកាន់តែទូលំទូលាយទៅកាន់ទីជិតឆ្ងាយនៅទូទាំងប្រទេស តាមរយៈការផ្តល់សេវាចុះឈ្មោះស្វែងរកការងារ ផ្គូផ្គងអ្នកសែ្វងរកការងារទៅនឹងឱកាសការងារដែលនៅទំនេរ, ការប្រមូល និងផ្សព្វផ្សាយព័ត៌មានស្តីពីការជ្រើសរើសកម្លាំងពលកម្ម, ការផ្តល់មគ្គទេសក៍ និងប្រឹក្សាយោបល់អាជីព ព្រមទាំងការផ្តល់ព័ត៌មានទីផ្សារការងារ និងការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ការងារនៅតាមមូលដ្ឋាន សំដៅបំព្រួញគម្លាតនៃការខកខានមិនទទួលបានឱកាសការងារ និង ជំរុញការទទួលបានព័ត៌មានពីការងារទូលំទូលាយដល់សិស្ស/និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើទូទាំងប្រទេស។ ជាចុងក្រោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនស៊ុយអែត ដែលបានផ្តល់នូវគម្រោងដ៏ថ្លៃថ្លានេះ។

លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា
កាលពី១០ឆ្នាំមុន កម្ពុជាមិនទាន់មានព័ត៌មានទីផ្សាការងារទូលំទូលាយនៅឡើយទេ តែបច្ចុប្បន្នតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងគម្រោងរបស់ទីភ្នាក់ស៊ុយអែត (SIDA) បានផ្តល់ឱ្យកម្ពុជាមានព័ត៌មានទីផ្សាការងារយ៉ាងទូលំទូលាយដល់ពលរដ្ឋកម្ពុជា ហើយរដ្ឋាភិបាលស៊ុយអែតសូមកោតសរសើរ និងអបអរសាទរដល់NEA ដែលបានសម្រេចបានយ៉ាងជោគជ័យនូវ គម្រោងជាច្រើនជាមួយទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងទីភ្នាក់ងារផ្តល់សេវាសាធារណៈស៊ុយអែត (SPES) នាពេលកន្លងមក៕