មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា១៣២លានដុល្លារអាមេរិក ក្នុងនោះជំនួយឥតសំណងចំនួន១១៧លានដុល្លារអាមេរិក។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ឲ្យដឹង ក្នុងពិធីចុះហត្ថេលខាលើការផ្តល់ជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន ដល់កម្ពុជាក្នុងទំហំទឹកប្រាក់៤៥លានដុល្លារអាមេរិកនាថ្ងៃទី២៦ កុម្ភៈកន្លងមកថាបើរាប់ទាំងកិច្ចព្រមព្រៀងទាំងពីរនេះ ក្នុងឆ្នាំសារពើរពន្ធជប៉ុន២០១៨ រដ្ឋាភិបាលជប៉ុន តាមរយៈ JICA បានចុះហត្ថលេខាលើឯកសារស្តីពី ជំនួយអភិឌ្ឍន៍ផ្លូវការរបស់ជប៉ុនជាមួយកម្ពុជាសរុបចំនួនជាង១៤ពាន់លានយ៉េនជប៉ុន ត្រូវប្រមាណជាង១៣២លានដុល្លារ ក្នុងនោះជំនួយឥតសំណងមានប្រមាណ ១១៧លានដុល្លារ។
ការចុះហត្ថលេខានៃជំនួយឥតសំណង ក្នុងទឹកប្រាក់៤៥លានដុល្លារអាមេរិកបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោក Yuichi SUGANO ប្រធាន JICA ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន សហប្រតិបត្តិការសម្រាប់គម្រោងចំនួន២ ក្នុងទំហំទឹកប្រាក់៤៥,៣០លានដុល្លាអាមេរិក ក្នុងនោះសម្រាប់គម្រោងទី១ មានហិរញ្ញប្បទានឥតសំណងចំនួន១១,៨លានដុល្លារសម្រាប់គម្រោងផ្លាស់ប្តូរប្រព័ន្ធអគ្គិសនីនៅកំពង់ផែ ដើម្បីការធ្វើទំនើបកម្មកំពង់ផែ ដោយគម្រោងនេះមានទិសដៅធ្វើបច្ចុប្បន្នភាព និងទំនើបកម្មលើប្រព័ន្ធចាំបាច់នានា សម្រាប់ការផ្លាស់ប្តូរទិន្នន័យឌីជីថល ទៅលើការស្នើរសុំ និងការផ្តល់ព័ត៌មានជាដើមទៅកាន់អ្នកគ្រប់គ្រងកំពង់ផែ ដែលគ្រោងនឹងរៀបចំសម្រាប់កំពង់ផែរស្វ័យត ក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតរាជធានីភ្នំពេញ។
តាមរយៈវិសាលភាពនេះ នីតិវិធីសម្រាប់ការចេញចូលកំពង់ផែ បស់នាវា នឹងត្រូវបានប្តូមកប្រើប្រាស់តាមទិន្នន័យឌីជីថល ហើយការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធឡូជីស្ទិក និងទំនើបកម្ម នៃរដ្ឋបាលកំពង់ផែ ក៏នឹងត្រូវដាក់ឲ្យអនុវត្តន៍ផងដែរ។
រីឯឥណទានសម្បទានចំនួន៣៣,៥លានដុល្លាអាមេរិក គម្រោងស្តារ ឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាប គម្រោងស្តារឡើងវិញនៃប្រព័ន្ធស្រោចស្រព និងនិងប្រព័ន្ធរំដោះទឹកខាងលិចទន្លេសាបនេះ មានទិសដៅសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្រ្តដែលនិងអាចស្រោច ស្រពលើផ្ទៃដីកសិកម្មសរុបប្រមាណជាង១២ពាន់ហិចតា តាមរយៈគម្រោងនេះយើងនឹងរៀបចំបង្កើត និងពង្រឹងសហគមកសិករប្រើប្រាស់ទឹក និងផ្សព្វផ្សាយស្តីពីការគ្រប់គ្រង់កសិកម្ម នៅតាមតំបន់ជនបទចំនួន៦ អនុគម្រោងនៃខេត្តចំនួន៣ នៅភាគខាងលិចបឹងទន្លេសាបរួមមាន អនុគម្រោងលំហោច (ខេត្តកំពង់ឆ្នាំង) អនុគម្រោងដំណាក់អំពិល អនុគម្រោងវត្តលឿង អនុគម្រោងវត្តជ្រេ (ខេត្តពោធិសាត់) អនុគម្រោងរៀមកូន និងអនុគម្រោងប្រឡាយប៉ោ ខេត្តបាត់ដំបង់ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និយាយថា កិច្ចព្រមព្រៀងទាំងពីរដែលបានចុះហត្ថលេខានេះ គឺជាឯកសារគតិយុត្តិមួយ ទៀត បន្ទាប់ពីលិខិប្តូរសារដែលបានចុះហត្ថលេខា កាលពីថ្ងៃ២០ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលអាចនាំឲ្យឈានដល់ការអនុវត្តន៍នីតិវិធីបន្ត បន្ទាប់ទៀត សម្រាប់ការអនុវត្តន៍គម្រោងជាក់ស្តែង៕