រដ្ឋបាលខេត្តបាត់ដំបងបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩


នាព្រឹកថ្ងៃ ពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ថ្ងៃទី២៧ខែកុម្ភ:ឆ្នាំ២០១៩ រដ្ឋបាលខេត្តបាត់ដំបងបានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពឯក ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតន: អភិបាល នៃគណ:អភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ទោ ឯក សំអូន មេបញ្ជាការស្តីទី និងជានាយសេនាធិការយោធភូមិភាគទី៥។
សន្និបាតបូកសរុបនេះមានការចូលរួមថ្នាក់អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញា មេញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការប្រតិបត្តិការសឹងរងបាត់ដំបង ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាព នានាជុំវិញខេត្ត អភិបាលក្រុង.ស្រុក មេឃុំ ចៅសង្កាត់ តំណាងអង្គការ សមាគម ក្នុងខេត្តចំនួនជា៦០០នាក់។

បន្ទាប់ពីឯកឧត្តម ងួន រតន: បានឡើងមានប្រសាសន៍បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨និងលើកទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ដោយបានបញ្ជាក់ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្ត មាននៅក្នុងរបៀបវារៈមួយចំនួន និងប្រកាសបើកសន្និបាតបូកសរុបចាប់ពីពេលនេះតទៅ។

ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្តបានឡើងធ្វើបទបង្ហាញពីសកម្មភាពការងារ និងសមិទ្ធផលនានាដែលរដ្ឋបាលខេត្តបានអនុវត្តឆ្នាំ ២០១៨កន្លងមក។

បន្ទាប់មកលោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនបានឡើងធ្វើបទបង្ហាញ ស្តីពីសមិទ្ធផលសម្រេចបាន និងបញ្ហាប្រឈមនានា ដែលបានអនុវត្តកន្លងមក ជូនដល់គណៈអធិបតី និងអង្គសន្និបាតទាំងមូល ។

សូមជម្រាបថា រដ្ឋបាលខត្តបាត់ដំបង តែងតែរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់។ ដោយឡែក ក្នុងឆ្នាំនេះរដ្ឋបាលខេត្តបានជ្រើសយកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តនៅឆ្នាំ២០១៩ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ជាថ្ងៃបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តសម្រាប់អនុវត្តបន្តឆ្នាំ២០១៩ ។