ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤៧៨គ្រួសារ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទទួលបានអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា


ដើម្បីជួយដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋងាយរងគ្រោះ នៅ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់ គ្រួសារងាយរងគ្រោះចំនួន ៤៧៨គ្រួសារ ដែលមកពីភូមិព្រៃធំ ភូមិពស់វែក ភូមិពាមរស់ និងភូមិសង្កែជ្រុំ នៃឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងបរិវេណសាលាបឋមសិក្សាព្រៃធំ។
ជាមួយនឹងការពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ អគ្គលេខាធិការរងទី ១ បានមានប្រសាសន៍ផ្ដាំផ្ញើដល់បង-ប្អូនប្រជាពលរដ្ឋទាំងអស់ សូមបញ្ជូនកូនចៅ ទៅសាលារៀនឲ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានការអប់រំជ្រៅជ្រះ និងចូលរួមទាំងអស់គ្នាដើម្បីភូមិ-ឃុំមានសុវត្ថិភាព តាមរយៈការអប់រំកូនចៅកុំឲ្យសេពគ្រឿងញៀន និងលេងល្បែងស៊ីសងជាដើម។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់ថែរក្សាសុខភាព ត្រូវមានអនាម័យល្អក្នុងការរស់នៅ ពិសាទឹកដាំឆ្អិន សម្អាតបរិស្ថានជុំវិញផ្ទះ ដើម្បីលុបបំបាត់ជម្រកមូសដែលជាប្រភពចម្លងនៃជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់។ បន្ថែមពីនេះទៀត សូមប្រជាពលរដ្ឋទាំងអស់ រួមគ្នាគោរពច្បាប់ចរាចរណ៍ផ្លូវគោកនៅរាល់ពេលធ្វើដំណើរតាមផ្លូវ ដើម្បីជៀសវាងគ្រោះថ្នាក់កើតមានឡើងជាយថាហេតុ។ ចំពោះស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ និងចាំបាច់ត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព។ ជាងនេះទៅទៀត សូមប្រជាពលរដ្ឋ ត្រូវមានស្មារតីប្រុងប្រយ័ត្នជានិច្ចពីខ្យល់កន្ត្រាក់ ដែលអាចកើតមានឡើងដោយប្រការណាមួយ ដោយសារបច្ចុប្បន្ននេះ អាកាសធាតុមានការប្រែប្រួលជាញឹកញាប់ ។
នៅក្នុងឱកាសនេះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ បានចូលរួមដាំដើមឈើ ដើម្បីអបអរសាទរថ្ងៃបើកបវេសនកាលថ្មី និងរួមចំណែកក្នុងការកសាងភាពធន់មាំនៅក្នុងសហគមន៍ ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុក្នុងសហគមន៍។
គ្រួរសារងាយរងគ្រោះទាំង ៤៧៨ គ្រួសារ មានសេចក្ដីសោមនស្សរីករាយក្រៃលែង និងសម្ដែងនូវការដឹងគុណ និងអរគុណ ចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាល យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ទិសទី ដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលគ្រួសារនីមួយៗទទួលបានមាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង សារុង១ មុង១ ភួយ១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង ១ដើម៕

w2 w3 w1 w4 w5