កំណែទម្រង់ស៊ីជម្រៅវិស័យមុខងារសាធារណៈពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ


ប៉ៃលិន៖ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោក​ ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជាអនុប្រធាន ប្រចាំការនៃគណៈកម្មការ ដឹកនាំកំណែទម្រង់ក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថ្លែងក្នុងពិធីសិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ២៤០ អនក្រ.បក សេចក្តីណែនាំលេខ៧៨៨ នឹងលេខ៧៨៩ មស.សណន និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជូនដលល់មន្រ្តី រាជការខេត្តប៉ៃលិន។

នៅក្នុងឱកាសនោះផងដែរ លោកបានមានប្រសាសន៍ ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តប៉ៃលិន ត្រូវយកចិត្តទុកដាក់បំពេញការងារ ទៅតាមតួនាទីភារកិច្ច មុខងារ និងត្រូវរៀបចំបែងចែកតួនាទីភារកិច្ច ព្រមទាំងតែងតាំងដល់មន្រ្តីអោយបានត្រឹមត្រូវ។ ជាពិសេសត្រូវទទួលខុស ត្រូវខ្ពស់លើកិច្ចការងាររបស់ខ្លួន សំដៅលើក កម្ពស់ជីវភាព សុខុមាលភាព និងបំរើសេវាសាធារណៈប្រកបដោយគុណភាពជូនប្រជាពលរដ្ឋ អោយបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយកំណែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាអោយមានប្រសិទ្ធិភាព។

លោកបានមានប្រសាសន៍បញ្ជាក់បន្ថែមថា ក្នុងការកែទម្រង់ស៊ីជម្រៅវិស័យ មុខងារសាធាណៈពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិសំដៅលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍន៍ ធនធានមនុស្សនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិអោយកាន់តែមាន សមត្ថភាពក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិស័យមុខងារសាធាណៈ ប្រកបដោយលទ្ធផលល្អ​ និងមានគុណភាព ដូច្នេះថ្នាក់ដឹកនាំ​ និងមន្រ្តីទាំងអស់ត្រូវសិក្សាស្វែងយល់ពីច្បាប់បទដ្ឋានគតិយុទ្ធនានានៃការគ្រប់គ្រង ប្រើប្រាស់មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា ដើម្បីពង្រឹង សមត្ថភាពបច្ចេកទេសអោយបានកាន់តែល្អប្រកបដោយគុណភាព។

នៅក្នុងឱកាសនោះផងដែរ​ លោក ថោ សេដ្ឋាណា ក៏បានស្នើរអោយគ្រប់ មន្ទីរអង្គភាពទាំងអស់ត្រូវចូលរួមសហការជាមួយមន្ទីរមុខងារសាធារណៈក្នុងន័យការអនុវត្តការងារវិស័យមុខងារ ឱ្យទទួលបានជោគជ័យ ជាពិសេស ត្រូវបណ្តុះបណ្តាលមន្រ្តីអោយមានចំនេះជំនាញច្បាស់លាស់ ក្នុងន័យ អនុវត្តន៍ការងារជំនាញនៅតាមន្ទីរអង្គភាពរបស់ខ្លួនបានល្អ ហើយមន្រ្តី រាជការត្រូវចងចាំពីលក្ខណៈសម្បត្តិស្នូល៤គឺឆន្ទៈម្ចាស់ការ ភក្តីភាព មនសិកាវិជ្ជាវៈ និងវប្បធម៌សាវាសាធាណៈ។

លោក​ ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើក ឡើងថា សិក្ខាសាលាដែលរៀបចំឡើងនាពេលនេះពិតជាមាន សារៈសំខាន់ណាស់ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ អោយបានដឹងពីបទដ្ឋានគតិយុទ្ធនៃការកែទម្រង់រដ្ឋបាលសាធារណៈក្នុងការប្រែក្លាយរដ្ឋបាលសាធារណៈ អោយទៅជាអ្នកផ្តល់សេវាដ៏មានប្រសិទ្ធិភាព និងជាដៃគូអភិវឌ្ឍដែលអាចជឿទុកចិត្ត សំដៅបម្រើប្រជាពលរដ្ឋអោយកាន់ តែល្អប្រសើឡើងថែមទៀតស្រមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ដូច្នេះថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់ការណែនាំ ពន្យល់របស់មន្ត្រីជំនាញដើម្បីទទួលបានពុទ្ធិល្អៗ និង បទពិសោធន៍ថ្មីៗ ក្នុងន័យអភិវឌ្ឍន៍រដ្ឋបាលសាធារណៈ និងដើម្បីចូល រួមលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋអោយបានកាន់តែល្អស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធិភាពខ្ពស់។

បើតាមការបញ្ជាក់របស់លោក នាក់ ណាង ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ឆ្នាំ២០១៩នេះ នៅទូទាំងខេត្តប៉ៃលិន មានមន្ត្រីក្របខ័ណ្ឌសរុបចំនួន ១៧០៩នាក់ ស្រី ៦៤៧នាក់ ក្នុងនោះ ក្របខ័ណ្ឌប្រភេទ (ក) ចំនួន ៤៤៥នាក់ ស្រី ១១៧នាក់ ក្របខ័ណ្ឌប្រភេទ (ខ) ចំនួន ៦៤៦នាក់ ស្រី ២៤៤នាក់ ក្របខ័ណ្ឌប្រភេទ (គ) ចំនួន ៦១៨នាក់ ស្រី ២៨៦នាក់ និងមន្ត្រីជាប់កិច្ចសន្យាចំនួន ២៧០នាក់ ស្រី ១៣១នាក់៕