កិច្ចប្រជុំឆ្លងសម្រេចរបាយការណ៍សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា


ភ្នំពេញ៖ របាយការណ៍សន្និបាតអប់រំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម អនុសាសន៍រួម ព្រមទាំងសកម្មភាពឆ្ពោះទៅមុខរបស់ក្រសួង និងអនុវិស័យទាំង៧រួមមានការអប់រំកុមារតូច ការអប់រំបឋមសិក្សា ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ការអប់រំឧត្ដមសិក្សា ការអប់រំក្រៅប្រព័ន្ធ ការអភិវឌ្ឍយុវជន និងការអប់រំកាយ និងកីឡា។

លទ្ធផលសន្និបាតអប់រំនឹងក្លាយជាមូលដ្ឋានដ៏មានសារសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការប្រតិបត្តិប្រចាំឆ្នាំ ព្រមទាំងដើម្បីសម្រេចបានតាមគោលដៅនៃគោលនយោបាយក្រសួងអប់រំ យុវជន និងកីឡា និងដើម្បីបណ្ដុះនូវធនធានមនុស្សប្រកបដោយគុណភាពក្នុងពេលអនាគត។

ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំឆ្លងសម្រេចរបាយការណ៍សន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ ដោយប្រព្រឹត្តទៅក្រោមការដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅអគាររដ្ឋបាលចៅពញាហុក៕