អាជ្ញាធរខេត្តមណ្ឌលគិរី រៀបចំទិវាជាតិ ទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្តៅ


ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ទិវាទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត ទីក្រុងផ្ដល់ភាពកក់ក្តៅ» ដោយមានការចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត ព្រមទាំងមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជនកាយរឹទ្ធិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង៥០០នាក់ ដែលប្រារព្វឡើងនៅលើសួនឧទ្យានសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ទិវាជាតិទីក្រុងស្អាត បានប្រារព្ធធ្វើឡើងទូទាំងប្រទេសកម្ពុជា ក្នុងនោះខេត្តមណ្ឌលគិរីផងដែរ ដើម្បីបញ្ជ្រាប ការយល់ដឹងពីបញ្ហាបរិស្ថាន ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរសិស្សានុសិស្ស ក៏ដូចជាអាជីករទាំងអស់ ឱ្យមានអនាម័យល្អដើម្បីសោភ័ណ្ឌភាពនៅតំបន់ទីប្រជុំជន និងតំបន់កម្សាន្ត។ ឯកឧត្តម បន្ថែមថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការគ្នាជាមួយនឹងអាជ្ញាធរ ហើយលះបង់ទម្លាប់ការចោលសំរាមពាសវាលពាសកាលនោះខេត្ត/ក្រុងរបស់យើង នឹងក្លាយជាខេត្ត ក្រុងដែលមានសោភ័ណ្ឌភាពល្អ ស្រស់បំព្រង មានខ្យល់អាកាសល្អបរិសុទ្ធ ពិសេស អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងនៅក្នុងខេត្តយើងកាន់តែច្រើនឡើង ហើយក៏ធ្វើឲ្យជីវភាពរបស់ប្រជាជន មានការកើនឡើងតាមវិស័យទេសចរណ៍នេះផងដែរ។ ឯកឧត្តម បញ្ជាក់ថា ទីក្រុងស្អាត ល្អ និងមានខ្យល់បរិសុទ្ធ ពិសេស គឺមិនមានថង់ប្លាស្ទិចហើរតាមខ្យល់នោះ វាទាមទារឲ្យបងប្អូនប្រជាពលដ្ឋ មានការយល់ដឹងកាន់តែខ្លាំងពីសុវត្ថិភាពសម្រាម និងផលប៉ះពាល់ដែលពួកគាត់បោះសម្រាមចោលតាមទីសាធារណៈ។
ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយឲ្យកាន់តែ ផុលផុសផងដែរ ដល់ប្រជាពលរដ្ឋ ស្ថាប័នឯកជន រដ្ឋ ពីការចូលរួមស្រឡាញ់ការពារបរិស្ថានអនាម័យនេះ និងផ្លាស់ប្តូរដោយបោះសម្រាមចោលតែក្នុងធុងសម្រាមជានិច្ច៕