សាលាក្រុងកំពង់ឆ្នាំងប្រារព្វធ្វើ ខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ លើកកម្ពស់សមភាពយេនឌ័រ និង កាគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស


កំពង់ឆ្នាំងៈទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៩នេះ បានធ្វើឡើងក្រោមប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និង កាគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស » ហើយនៅថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩នេះ សាលាក្រុងកំពង់ឆ្នាំង បានប្រារព្វធ្វើខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវានារីអន្តរជាតិ ដែលបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ឌឌឿន អភិបាលខេត្តកំពង់ឆ្នាំង ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកស្រី ពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំង បានគូសបញ្ជាក់ថា ទិវានារីអន្តរជាតិ៨ មិនា ធ្វើឡើងដើម្បី រំឮកពីវីរភាពអង់អាចក្លាហាននៃការតស៊ូរបស់នារីនៅទូទាំងសាកលលោក ក្នុងការទាមទារអោយមានការលើកកម្ពស់ សិទ្ធសេរីភាព ប្រជាធិបតេយ្យ និង ការអនុវត្តសិទ្ធស្មើគ្នារវាងបុរសនិងស្រ្តីនៅក្នុងសង្គម ។ ជាក់ស្តែងនៅក្នុងសាលាក្រុង មន្រ្តីរាជការជាស្រ្តីបានខិតខំពុះពារគ្រប់ការលំបាក និង កិច្ចការសង្គមជាច្រើនទៀត ទាំងនេះបានបង្ហាញអំពីសមត្ថភាព ឆន្ទៈ ដើម្បីបម្រើការងារជូនប្រជាពលរដ្ឋ និង សង្គមជាតិ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ឈឹម ស្រីមុំ ឈួរ ច័ន្ទឌឿន បានមានប្រសាស៍ដោយគូសបញ្ជាក់ថា ទិវានារីអន្តរជាតិនាឆ្នាំនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និង កាគាំពារសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ”ការលើកឡើងនេះ ចំពេលដែលប្រទេសជាតិយើង កំពុងតែមានសុខសន្តិភាព សន្តិសុខល្អ ស្ថេរភាពនយោបាយ រាជរដ្ឋាភិបាលបានគាំទ្រ និងផ្ដល់ឪកាសក្នុងខ្លឹមសារ លើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈតួនាទីរបស់ស្ត្រី ក៏ដូចជាពង្រឹង សមភាពយេនឌ័រ នៅក្នុង សង្គម។
លោកជំទាវបានអំពាវនាវដល់ស្រ្តីនៅតាមមូលដ្ឋាន ត្រូវតែពង្រឹងសមត្ថភាព នៃការដឹកនាំ គ្រប់គ្រង ធ្វើយ៉ាងណាអោយស្រ្តីក្លាយជាអ្នកដឹកនាំដ៍វៃឆ្លាត ពោពេញដោយសមត្ថភាព ទន្ទឹមនឹងនោះត្រូវចូលរួមធ្វើការទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាលើស្រ្តី ព្រមទាំងដោះស្រាយជម្លោះនានាដោយសន្តិវិធី ។ ដើម្បីចូលរួមអបអសារទទិវានារីអន្តរជាតិនេះ លោកជំទាវបានផ្តល់វត្ថុអនុស្សាវរីយ៍ដល់ស្រ្តីចំនួន៨៥នាក់ដែលបានចូលរួមក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកា១ម៉ឺនរៀលផងដែរ ។