សម្តេចតេជោ ហ៊ុន សែន អញ្ជើញដល់ខេត្តសៀមរាបហើយ ដើម្បីធ្វើជាអធិបតីក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ


(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញដល់ទឹកដីខេត្តសៀមរាបហើយ ដើម្បីអញ្ជើញជាអធិបតីភាពក្នុងក្នុងកម្មវិធីអន្តរ​កិច្ចប្រជុំ​ RCEP​ ថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (7th RCEP ISSL MM) នៅសណ្ឋាគារសុខាអង្គរ ក្នុងខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសចរចាកិច្ចព្រមព្រៀង RCEP ទាំង១៦ និងលេខាធិការដ្ឋានអាស៊ានផងដែរ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា អន្តរកិច្ចប្រជុំរដ្ឋមន្ត្រី RCEP លើកទី៧នេះ បន្តចរចា និងដោះស្រាយបញ្ហាសេសសល់នានា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មការចរចាពាណិជ្ជកម្មលើកទី២៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ដល់ទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីផែនការចរចា RCEP ឆ្នាំ២០១៩, ផ្តល់ការណែនាំលើការចរចាបើកច្រកទីផ្សារ (ពាណិជ្ជកម្មទំនិញ, ពាណិជ្ជកម្មសេវា, ការវិនិយោគ) និងជំរុញបន្ថែមឱ្យអ្នកចរចាទាំងអស់ ខិតខំប្រឹងប្រែងបញ្ចប់ការចរចាលើជំពូកដែលនៅសេសសល់ សំដៅឈានទៅបញ្ចប់ការចរចាកិច្ចព្រៀមព្រៀង RCEP ទាំងស្រុងនៅក្នុងឆ្នាំ២០១៩ តាមអាណត្តិដែលផ្តល់ឱ្យដោយថ្នាក់ដឹកនាំនៃប្រទេសចរចា RCEP ទាំង១៦ នៅកំលុងកិច្ចប្រជុំកំពូល RCEP លើកទី២ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ (Regional FTA) ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការចរចា ដែលមានប្រទេសចូលរួមចរចាចំនួន១៦ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៦ (អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់)។

RCEP ជាគំនិតផ្តួចផ្តើមរបស់អាស៊ាន ដែលផ្អែកលើកុងសង់ស៊ីសសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ដែលបានប្រកាសឱ្យចាប់ផ្តើមចរចាក្នុងឆ្នាំ២០១២ នៅព្រះរាជាណាចក្រកម្ពុជា។ RCEP មានទំហំ GDP ជិត ៣០% នៃ GDP ពិភពលោក (គិតត្រឹមឆ្នាំ២០១៤) មានប្រជាជនស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកសរុប, មាន ៣១,៦% នៃផលិតកម្មពិភពលោក, ២៨,៥% នៃពាណិជ្ជកម្មពិភពលោក និងមួយភាគប្រាំ (១/៥) នៃលំហូរវិនិយោគផ្ទាល់ពីបរទេសរបស់ពិភពលោក (គិតត្រឹមឆ្នាំ២០១៦)៕