សម្ដេចតេជោនាយករដ្ឋមន្ត្រីស្វាគមន៍វិនិយោគិនរុស្ស៊ីនៅកម្ពុជា


ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ –សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការស្វាគមន៍ចំពោះវិនិយោគិនរុស្ស៊ី ដែលបានអញ្ជើញមកពិនិត្យ មើលឱកាសវិនិយោគទៅលើសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេច តេជោ បានអនុញ្ញាតឱ្យឯកឧត្ដម Kikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធ រុស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីឱកាសវិនិយោគនៅកម្ពុជា នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅវិមានសន្តិភាព។
លោក Kikolay បានដឹកនាំគណៈប្រតិភូក្រុមហ៊ុនធំៗមួយចំនួនមកពីប្រទេសរុស្ស៊ី ដូច ជាក្រុមហ៊ុនតាត់ណេសដែលជាក្រុមហ៊ុនតេឡេខមធំ, ក្រុមហ៊ុនកាសាន់ហ៊ីលីខុបធ័រ (ក្រុម ហ៊ុនផលិតឧទ្ឋម្ភាគចក្រ) ក្រុមហ៊ុន រថយន្តកាម៉ាស់, និងវិនិយោគិនជាច្រើនរូបទៀត មកជួបពិភាក្សាការងារជាមួយសម្តេចតេជោ។
នៅក្នុងជំនួបពិភាក្សានេះ គឺបានផ្ដោតទៅលើពង្រឹង បន្ថែមនូវកិច្ចសហប្រតិបត្តិការបានកាន់តែប្រសើរខ្លាំងឡើង ថែមទៀតរវាងកម្ពុជា និងរុស្ស៊ី។ ទន្ទឹមនឹងនេះមន្រ្តីរុស្ស៊ីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធមួយ ចំនួនរបស់កម្ពុជា ផងដែរនៅក្នុងទិសដៅជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណចំពោះទស្សនកិច្ចរបស់គណៈប្រតិភូរុស្ស៊ីនៅកម្ពុជា។រយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរកំពុង បោះជំហានទៅមុខ។ សម្តេចតេជោ បានចាត់ទុក សហព័ន្ធរុស្ស៊ីជាមិត្តចាស់តាំងពី ទសវត្សរ៍៥០មកម៉្លេះ។ ប្រទេសរុស្ស៊ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួម ជួយកសាងប្រទេសកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៊ីដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្ស៊ីជាដើម។ សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់ បណ្តាក្រុមហ៊ុនធំៗដែលមកជាមួយ គណៈប្រតិភូ និងបានឯកភាពខិតខំបន្តពង្រឹងទំនាក់ទំនងទ្វេភាគីទាំងកម្រិតនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម។
កន្លងទៅថ្មីៗនេះ ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីក៏មាន ការចុះកិច្ចព្រមព្រៀងមួយចំនួនអំពីកិច្ចសហការ និងការងារវិនិយោគរវាងប្រទេសទាំងពីរ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ពាណិជ្ជករ និងអ្នកវិនិយោគិនរុស្ស៊ីនឹងអញ្ជើញមកធ្វើទស្សនកិច្ចជាថ្មីទៀត នៅកម្ពុជា ដើម្បីរកមើលឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជា៕