សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តទាក់ទងនឹងការបញ្ជ្រាបយេនឌ័រនិងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន២០១៦-២០២០


ខេត្តពោធិ៍សាត់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ លោកជំទាវ ម៉ុម ថានីរដ្ឋលេខាធិការក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តទាក់ទង នឹងការបញ្ជ្រាបយេនឌ័រ និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រក្នុងវិស័យបរិស្ថាន២០១៦-២០២០ ព្រមទំាងវត្តមាន លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសយេនឌ័រ ក្រសួងបរិស្ថាន លោកជំទាវ ម៉ែន ផល្លី អភិបាលរងខេត្តពោធិ៍សាត់ អស់លោក លោកស្រីដែលជាជនបង្គោលតាមបណ្តាអង្គភាពចំណុះក្រសួងបរិស្ថាន និងមន្រ្តីមកពីមន្ទីពាក់ព័ន្ឋក្នុងខេត្តសរុប៦០រូបចូលរួម។
លោកជំទាវ ម៉ុម ថានីរដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរដែនដីត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្កើនចំនួន មន្ត្រីរាជការជាស្ត្រីបន្ថែមទៀត និងការតែងតាំងមុខតំណែងឲ្យមានតំណាងស្ត្រីនៅគ្រប់រចនាសម្ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងជួយឧបត្ថម្ភគាំទ្រទាំងស្មារតី មធ្យោបាយ ថវិកា និងផ្តល់ឱកាសឲ្យមានសំឡេងស្ត្រីចូលរួមផ្ដល់យោបល់ក្នុងការសម្រេចតែងតាំង ហើយ ពិនិត្យការតែងតាំងមន្ត្រីរាជការជាស្ត្រីដែលមានសមត្ថភាពជំនួសមន្ត្រីជាស្ត្រីចូលនិវត្តន៍ ដែលរួមចំណែករក្សាបាននូវកំណើនចំនួនស្ត្រីក្នុងតួនាទីមានសិទ្ធិសម្រេច និងត្រូវបង្កើនសមត្ថភាពមន្រ្តីរាជការស៊ីវិលជាស្ត្រីតាមរយៈវគ្គបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដោយ យកចិត្តទុកដាក់ជ្រើសរើសមន្រ្តីរាជការស៊ីវិលជាស្ត្រីសម្រាប់ បន្តវេនលើគ្រប់វិស័យជាពិសេសនៅថ្នាក់ក្រោមជាតិ ថែមទាំងយកចិត្តទុកដាក់ចំពោះស្ត្រីមន្រ្តី រាជការស៊ីវិលជាស្ត្រីមុនចូលនិវត្តន៍ដោយដំឡើងឋានន្តរស័ក្កិ និងថ្នាក់ ក្នុងប្រភេទក្របខណ្ឌ របស់ខ្លួនតាមអតីតភាពការងារឲ្យស្របតាមគោលការណ៍។
ហើយលោកជំទាវបន្ថែមទៀតថា៖ក្រសួងបរិស្ថានបានកំណត់គោលដៅជាយុទ្ធសាស្រ្តដោយឈរលើសសរស្តម្ភទាំង៤រួមមាន៖ កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព និងបានដាក់ចេញក្របខ័ណ្ឌយុទ្ធសាស្ត្រ ឆ្នាំ២០១៨-២០២៣ ដើម្បីប្រែក្លាយក្រសួង និងមន្ទីរបរិស្ថានរាជធានី-ខេត្ត ទៅជារដ្ឋបាលទំនើបដោយផ្អែកលើកម្មវិធីគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងគោលនយោបាយថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៦ នៃរដ្ឋសភា។
ពិសេសការបញ្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយ កម្មវិធី និងផែនការ របស់ក្រសួង ស្ថាប័ន កំពុងដំណើរការយ៉ាងសកម្មទៅតាមវិស័យរបស់ខ្លួន ជាពិសេសការបញ្ជ្រាបយេនឌ័រទៅក្នុងកម្មវិធីកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលរួមមាន៖ កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ និងកម្មវិធីកំណែទម្រង់ដីធ្លី។ ដោយផ្អែកលើកម្មវិធី គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ២០១៦-២០៣០។គួសបញ្ជាក់ថា៖សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ចាប់តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩។