ខេត្តកំពង់ចាម បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមក ចែកជូន ដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទាំង ១៦គ្រួសារ ដែលត្រូវបានអគ្គិភ័យ លេបត្របាក់អស់គ្មានសល់


ផ្ទះរបស់បងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ចំនួន ១៦គ្រួសារ ស្ថិតក្នុងភូមិស្វាយតានន់”ខ” ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានអគ្គិភ័យ លេបត្របាក់អស់គ្មានសល់ ដែល បណ្ដាលមកពីទុ​សេខ្សែភ្លើង ចេញពីផ្ទះឈ្មោះលោក សូ ហ៊ីម ហើយក៏ឆេះរាលដាលដល់ផ្ទះ ទាំង១៦ អស់ទាំងស្រុងតែម្ដង។ ចំណែក សម្ភារៈទ្រព្យសម្បត្តិ សមត្ថកិច្ចកំពុងស្រាវជ្រាវ​យកព័ត៌មានលម្អិត ហើយអគ្គិន័យនេះ ពុំមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រោះថ្នាក់ អគ្គីភ័យនេះកាលពីវេលាម៉ោង៣.១៦នាទី រសៀល ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
សូមគូសបញ្ជាក់ផងដែរថា ការរងគ្រោះដោយអគ្គីភ័យនេះ ធ្វើឲ្យខាតបង់ថវិកា ប្រមាណជា ១៤លានរៀល ប្រាក់ដុល្លារ ចាង២ម៉ឺនដុល្លារ មាស ប្រមាណជា ២តម្លឹង កង់ដប់ និងផ្ទះចំនួន ១៤ខ្នងឆេះខ្ទេចខ្ទី និង ២ខ្នង ទៀតឆាបឆេះប្រមាណ ពី ២០ ទៅ៣០% ប៉ុណ្ណោះ ។
ក្រោយពីទទួលបានដំណឹងនេះ នារសៀលថ្ងៃ សៅរ៍ ១១រោច ខែ កុម្ភៈ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមិីនា ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បាននាំយកអំណោយ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា យកមក ចែកជូន ដល់ប្រជាពលរដ្ឋ ទាំង ១៦គ្រួសារ ។
នាឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះអគ្គិភ័យនេះ ។ ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រោះអគ្គីភ័យនេះ យើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហារនេះ ដោយសារតែរដូវនេះជារដូវក្តៅ ដូចក្រសួងធនធានទឹក និងឧត្តុនិយមបានធ្វើការផ្សព្វផ្សាយជូនប្រជាពលរដ្ឋថា កម្ពុជា នឹងទទួលរងគ្រោះរាំងស្ងួត ព្រមទាំងកម្តៅ អាចឡើងខ្ពស់ទៀតផង។ ឯកឧត្តម ពិតជាមានការស្លុតចិត្តយ៉ាងខ្លាំងដែលបានលឺដំណឹងថាមានអគ្គិភ័យឆាបឆេះផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ១៦ខ្នងនេះ។ ឯកឧត្តមបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវ ខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិត ឡើងវិញ ទោះបីជាយើងជួបគ្រោះអគ្គីភ័យនេះក៏ដោយ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសាររបស់យើងកុំអោយធ្លាក់ចុះអោយសោះ។
ឯកឧត្តមបន្ថែមទៀតថាទោះបីជាអំណោយនេះតិចតួចក្តីតែក៏អាចដោះស្រាយនូវជីវភាពរបស់បងប្អូនបានមួយរយះក៏ពិតមែនតែនេះគឺបានដោះស្រាយក្នុងពេលយើងកំពុងតែជួបការលំបាកនាពេលនេះ។
ចំពោះអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារបងប្អូនខ្មែរអ៊ីស្លាម ដែលរងគ្រោះដោយអគ្គិភ័យចំនួន ១៦ គ្រួសារ នៅភូមិស្វាយតានន់ (ខ) ឃុំព្រែករំដេង ស្រុកស្រីសន្ធរ នាពេលនេះ ដែលក្នុងមួយគ្រួសារទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី ចំនួន ២កេសតូច ទឹកត្រីចំនួន ១យួ ទឹកស៊ីអ៊ីវចំនួន១យួ ត្រីខកំប៉ុងចំនួន ១យួ ឃីត ចំនួន១កញ្ចប់ និងថវិកាចំនួន ២០០.០០០រៀល។