ឯកឧត្តម សុខ ឥសាន ថា “នៅលើលោកនេះ ​កម្រមានប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាស់​


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រឆាំង តែងតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីចាប់កំហុស គណបក្សកាន់អំណាច​ បន្លំនិងបោកប្រាស់ យកប្រជាប្រិយភាព ក្នុងឆាកនយោបាយ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាម បណ្ដាញសង្គម តេឡេក្រាម នៅថ្ងៃទី៣មីនានេះថា “នៅលើលោកនេះ ​កម្រមានប្រទេស ដែលមានលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សណាស់​ ។ តែភាគច្រើន គេយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកធ្វើជាល្បោយ សម្រាប់ការគ្រប់គ្រង ប្រទេសនិងយកឧត្តមភាព សម្រាប់ត្រួតត្រាពិភពលោក​។ បើជាគណបក្សប្រឆាំង យកមកធ្វើជាលេស ដើម្បីចាប់កំហុស គណបក្សកាន់អំណាច​ បន្លំនិងបោកប្រាស់ យកប្រជាប្រិយភាព​” ។

អ្នកនាំពាក្យ គណបក្សកាន់អំណាច បានឲ្យដឹងបន្ថែមថា “ប្រទេសខ្លាំង បានយកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មកធ្វើជាល្បោយ សម្រាប់ដាក់ពិន្ទុឲ្យបណ្តាប្រទេសតូចតាច នៅលើពិភពលោក​។ បើពេញចិត្តគេថាប្រទេសនេះ ឬប្រទេសនោះ មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សល្អប្រសើរ​។ បើគេមិនពេញចិត្តគេថា ប្រទេសនេះឬប្រទេសនោះអត់ មានប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ ហើយគេដាក់គំនាបផ្សេងៗ​តាមចិត្តគេចង់​ ។ ដើម្បី​ឲ្យល្អមើលបន្តិច​ គេបានបង្កើតយន្តការ ដែលហៅថាគណៈកម្មាធិការសិទ្ធិមនុស្ស ឬអង្គការឃ្លំាមើលសិទ្ធិមនុស្សមួយ ដើម្បីដាក់ពិន្ទុ” ៕