នៅព្រឹកថ្ងៃសៅរ៍ ១១ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាង ឯកឧត្តម ទៀ សីហ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តម សៀង ណាំ សមាជិករដ្ឋសភា តំណាងរាស្ត្រខេត្តសៀមរាប បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រេីប្រាស់ជាផ្លូវការ អគារសិក្សាថ្មីចំនួន ០១ខ្នង ០៥បន្ទប់ និងសំណង់ផ្ទះបាយ សួនកុមារ បង្គន់អនាម័យ និងរបងព័ន្ធជុំវិញស្រះ ក្នងសាលាបឋមសិក្សាសំបួរ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
សមិទ្ធផលទាំងនេះជាអំណោយដ៏ថ្លៃថ្លារបស់របស់ពុទ្ធិសាសនិកវត្ត Cheongryosna និងសប្បុរសជននានា នៃសាធារណរដ្ឋកូរ៉េ ដែលចំណាយអស់ថវិកាប្រមាណ ៥៥២០០ដុល្លារ។
ពិធីសម្ពោធសមិទ្ធផលនេះក៏មានការចូលរួមពីព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េ លោកស្រី អភិបាលស្រុកក្រឡាញ់ លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស សរុបប្រមាណ ៧៥០ នាក់ ។
លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តក៏បានលើកឡើងថានេះជាសមិទ្ធផលថ្មីមួយបន្ថែមទៀតដែលបានកើតឡើងនៅលើទឹកដីស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជាមួយនឹងការសាងសង់អគារថ្មីនេះ គឺដើម្បីអោយស្របតាមការកើនឡើងនូវសិស្សានុសិស្សពីមួយឆ្នាំទៅមួយឆ្នាំឥតឈប់ឈរ។ ដោយឃើញនូវកំណើនសិស្សានុសិស្ស ទើបថ្នាក់ដឹកខេត្តគ្រប់លំដាប់ថ្នាក់បានស្វះស្វែងរកជំនួយបន្ថែមក្នុងការសាងសង់អគារសិក្សានេះ។
ទន្ទឹមនឹងនេះលោក អភិបាលរងខេត្តក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះតេជគុណ Hae Gyeong ប្រធានសង្ឃ នៃវត្តCheongryosna និងព្រះសង្ឃវត្តនានា នៃសាធារណរដ្ឋកូរ៉េដែលបានបរិច្ចាកនូវធនធានផ្ទាល់ខ្លួនជួយដល់ការកសាងនូវអគារនេះឡើងបានជោគជ័យ។
ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានចែកអំណោយដល់ប្រជាពលរដ្ឋចូលរួម ក្នុងម្នាក់ៗទទួលបាន សារ៉ុង ០១ និងសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅ ប៉ិច ខ្មៅដៃផងដែរ៕