លោកជំទាវ ស៊ុន សាភឿន អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវានារីអន្តរជាតិ ៨មីនា នៅ ស្រុកឆ្លូង ខេត្តក្រចេះ


ក្រចេះ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវានារីអន្តរជាតិ ៨មីនា ក្រោមប្រធានបទ “ លើកកម្ពស់សមភាពយេនឌ័រ និងការគាំទ្រសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ” នៅស្រុកឆ្លូង ខេត្តក្រចេះ កាលពីថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ ។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក ជំទាវ គាត កុលណី ឆាន់ សាផាន់ ស្នងការរងកាយឫទ្ធិកម្ពុជា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងជាប្រធានសមាគមនារីខេត្ត និងសមាជិក សមាជិកា នៃសមាគមនារី ស្រុកឆ្លូង ប្រមាណជាង ១០០នាក់ ។

លោកជំទាវ ស៊ុន សាភឿន បានបញ្ជាក់ថា ការប្រារព្ធទិវានារីអន្តរជាតិនេះឡើង គឺដើម្បីរម្លឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិស្មើភាព រវាងបុរស និងស្រ្តីនៅក្នុងសង្គម ។ ប្រធានបទមួយនេះ គឺសម្រាប់ដាក់ចេញជាសកម្មភាពគន្លឹះក្នុងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ដែលជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រទេសមានសន្តិភាព ស្ថិរភាព កិត្តិយស កិត្តិនាម នៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក ។

លោកជំទាវបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ ដែលជាផែនទីផ្តោតលើសសរស្តម្ភចំនួន ២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម ហើយប្រព័ន្ធទាំង២នេះ មានសារៈសំខាន់ចំពោះសង្គម ក្នុងការឆ្លើយតបទៅនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្ស ឱ្យមានជំនាញ និងចំណេះដឹង ស្របទៅតាមការវិវឌ្ឍរបស់សង្គម សុខុមាលភាពសម្រាប់ប្រជាជនងាយរងគ្រោះ ព្រមទាំងគិតគូរទៅលើការថែទាំសុខភាព ហានិភ័យការងារ និងពិការភាព ព្រមទាំងសោធននិវត្តន៍ពេលចូលនិវត្តន៍ ។ នេះជាលទ្ធផលដ៏វិជ្ជ មាននៃការអនុវត្តគោលនយោបាយជាតិ ដែលធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចខ្ពស់ នាំមកនូវភាពរីកចម្រើន ថ្កុំថ្កើងនៅពេលនេះ ។

នៅក្នុងពិធីនេះក៏មានការប្រគល់នូវអាវយឺតដែលទទួលបានពីក្រសួងកិច្ចការនារីជូនដល់សមាជិកសមាគមនារីស្រុកឆ្លូងចំនួន ១១០នាក់ ក្នុងម្នាក់ៗទទួលបាន អាវយឺត១ និងថវិកា១ម៉ឺនរៀល ៕