កម្ពុជា-សិង្ហបុរី ប្រកាសរួមគ្នាប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន


ភ្នំពេញ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩  អគ្គស្នងការនគរបាលជាតិ ឯកឧត្តមនាយ ឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន បានជួបពិភាក្សាគ្នាជាមួយឯកឧត្តម HOONG WEE TECK អគ្គស្នងការនគរបាល សិង្ហបុរី ដោយភាគីទាំងពីរបានប្រកាសរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន រវាងប្រទេសទាំងពីរ។

ថ្លែងក្នុងជំនួបនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា ការឯកភាពរវាងភាគីទាំងពីរនេះ គឺដើម្បី ផលប្រយោជន៍រួមរវាងប្រទេសទាំងពីរ ក៏ដូចជាផលប្រយោជន៍ប្រទេសក្នុងតំបន់ផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯកបានបន្ដថា កងកម្លាំងនគរបាលរវាងប្រទេសទាំងពីរបាន ឯក​ភាពបង្កើតឱ្យមានយន្តការទំនាក់ទំនងត្រង់ដោយផ្ទាល់ទៅវិញទៅមក ក្នុងគោលបំណង ដើម្បីការពារនូវផលប្រយោជន៍អ្នកវិនិយោគិន ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៃប្រទេស ទាំងពីរ។

ឯកឧត្តម HOONG WEE TECK អគ្គស្នងការនគរបាល សិង្ហបុរី បានលើកឡើងថា សិង្ហបុរី សន្យាជួយបណ្តុះបណ្តាលដល់នគរបាលកម្ពុជា លើជំនាញប្រយុទ្ធប្រឆាំងបទល្មើស​បច្ចេកវិទ្យា និងការគ្រប់គ្រងល្បែងពាណិជ្ជកម្មដោយចាត់ចែងឱ្យមានការរៀបចំនូវការបណ្តុះ បណ្តាលទាំងរយៈពេលខ្លី និងរយៈពេលវែង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្ថែមទៀតថា ភាគីទាំងពីរក៏បាន ឯកភាព ក្នុងការផ្លាស់ប្តូរប្រតិភូជំនាញរវាងប្រទេសទាំងពីរ ដើម្បីដកស្រង់បទពិសោធន៍លើ ការងារជំនាញពីគ្នាទៅវិញទៅមកផងដែរ៕