ក្រសួងមុខងារសាធារណៈ និងUNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថល


រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងមុខងារសាធារណៈ និងUNDP ប្រចាំប្រទេសកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាថ្នាក់ជាតិ ស្ដីពីវិស័យសាធារណៈក្នុងយុគសម័យឌីជីថលក្នុងគោលបំណងពិភាក្សាអំពីលទ្ធភាពជំរុញឱ្យមាននវានុវត្តន៍ក្នុងអភិបាលកិច្ច ដែលជាការខិតខំប្រឹងប្រែងធ្វើឱ្យការផ្ដល់សេវាដល់ប្រជាពលរដ្ឋកាន់តែល្អប្រសើរជាងមុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោក Nik Beresford អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនៅកម្ពុជា ព្រម​ទាំង​មានការចូលរួមពីអ្នកជំនាញអន្តរជាតិ មន្ត្រី​រាជការថ្នាក់ជាតិ​ និងក្រោមជាតិប្រមាណ ៣០០នាក់។ គូសបញ្ជាក់ផងដែរថា សិក្ខាសាលានេះនឹងផ្ដល់នូវវេទិកាឱ្យអ្នកចូលរួមស្វែងយល់ពីលទ្ធភាពយកបច្ចេកវិទ្យាឌីជីថលមកប្រើប្រាស់ក្នុងវិស័យមុខងារសាធារណៈដើម្បីជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពង្រឹងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធអភិបាលកិច្ច និងផ្ដល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។