ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យស្ថានភាពរស់នៅរបស់អតីតយុទ្ធជន នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង


(ស្វាយរៀង)៖ ទេសរដ្ឋមន្រ្តី​ គន់​ គីម អនុប្រធាន​ និងជាអគ្គលេខាធិការ​​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ អមដំណើរ​ដោយលោក​ ឯក ក្រិត​ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន ​និងយុវនិតិសម្បទា​ និងថ្នាក់ដឹកនាំ​សមាគមខេត្ត​​ស្វាយរៀង​ បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ​ និង​ពិនិត្យ​មើល​ស្ថានភាព​រស់នៅ​របស់​អតីត​យុទ្ធជន​​ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍​ ភូមិ​ជីកដី​ ឃុំ​អណ្តូងត្របែក​ ស្រុករមាសហែក ជួន​ពេលដែលសមាជិក​នៅទីនេះខ្លះកំពុងផ្តល់សម្ភាសន៍ជាមួយមន្រ្តី​ជំរឿន​ និង​ផ្សេងទៀតកំពុងត្រៀមខ្លួនដើម្បីផ្តល់ព័ត៌មានជូនមន្រ្តីជំរឿន។

ក្នុងឱកាស​នោះ​ ​​ទេសរដ្ឋមន្រ្តី គន់ គីម ​ក៏បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ជូនដល់សមាជិក​ ថាស​ម្តេច​នឹករលឹក​ នឹងតែងតែគិតគូរដល់សមាជិក ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត​តាមរយៈ​ការផ្តល់ដី​ និងសង់ផ្ទះជូនដូចដែល​ទាំងអស់គ្នាបានទទួលរួចហើយ ជាក់ស្តែង​ថ្ងៃ​នេះ​ ​លោកមកកន្លែងផ្ទាល់ដើម្បីសួរ​សុខទុក្ខ​​ និងពិនិត្យមើលដីដើម្បីសាងសង់ផ្ទះព្រោះ​ សម្តេចប្រធាន​​លោកផ្តល់ជូនបន្ថែម២០០ខ្នងទៀត។​

ទេសរដ្ឋមន្ដ្រី ​ក៏បានសុំឲ្យថ្នាក់ដឹកនាំ​​សមាគម​អតីត​យុទ្ធជន​ខេត្ត ​ឧស្សាហ៍​ចុះមកសួរ​សុខទុក្ខ​ និងពិនិត្យមើល​​ ជីវភាព​រសនៅ និងជួយទំនុកបម្រុងដល់បងប្អូន ក្នុងស្ថានភាពដែលពួកគាត់តាំងទីលំនៅថ្មី និងមានការខ្វះខាត​។

ជាមួយគ្នានោះ​ ​អគ្គលេខាធិការ​ ក៏បានជំរុញឲ្យថ្នាក់ដឹកនាំ​ ស​.អ.ក ​គ្រប់ថ្នាក់បន្តធ្វើបច្ចុប្បនភាពសមាជិក​អតីត​យុទ្ធជន​​ក្នុងខេត្ត ​ក្តាប់ឲ្យបានពីស្ថានភាពរស់នៅ របស់សមាជិកម្នាក់ៗ ខិតខំ​​មើលថែបងប្អូនដែលមានជំងឺ​ តាមរយៈ​ការបញ្ជូនទៅមន្ទីរពេទ្យឲ្យបានទាន់ពេលវេលា​ និងជម្រាបជូនដល់សមាជិក​អតីត​យុទ្ធជន​ទាំងអស់ត្រូវចូលរួមក្នុងការធ្វើជំរឿន តាមសារអំពាវនាវ​របស់​​សម្តេចតេជោ ហ៊ុន សែន​ ជូនជនរួមជាតិអំពីការធ្វើជំរឿននៅទូទាំងប្រទេស។​

សមាជិកទាំងអស់គ្នាដែលទទួលបាន​ផ្ទះ​ និងដី​នៅទីនេះ​ មានក្តីរំភើបរីករាយជាខ្លាំង​ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចតេជោ​ ហ៊ុន សែន ​ជាប្រធានសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់​ ផ្តល់ផ្ទះផ្តល់ដីដល់ពួកគាត់​ ពួកគាត់​បានត្រៀមខ្លួន​រួចហើយដើម្បីការធ្វើជំរឿន​ ​និងសូមជូនពរឲ្យសម្តេចទាំងពីរ ព្រមទាំងក្រុមគ្រួសារ​សូម​ឲ្យបានសុខសប្បាយ​ សិរីសួស្តី ជ័យមង្គលវិបុលសុខ​ និង​បន្តធ្វើជា​នាយករដ្ឋមន្ត្រី​ជារៀងរហូត​៕