អភិបាលរងខេត្តបាត់ដំបង៖ «បើយើងចង់ឲ្យទីក្រុងស្អាត ត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ចូលរួមថែរក្សាអនាម័យគ្រប់ទីកន្លែង»


(បាត់ដំបង)៖ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា «បើយើងចង់ឱ្យទីក្រុងរបស់យើងបានស្អាតល្អនោះ គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ត្រូវនាំគ្នាចូលរួមអនុវត្តន៍ ថែរក្សាសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតល្អ គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។

ឯកឧត្តម សឿម ប៊ុនរិទ្ធ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងទិវាទីក្រុងស្អាតលើកទី៧ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទិវាទីក្រុងស្អាត – ទីក្រុងផ្តល់ភាពកក់ក្តៅ» នៅសួននាគសន្តិភាព ស្ថិតក្នុងសង្កាត់ស្វាយប៉ោង ក្រុងបាត់ដំបង ក្នុងនោះក៏មានការចូលរួមពីមន្ទីរបរិស្ថានខេត្ត មន្ទីរទេសចរណ៍ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរពាក់ព័ន្ធនានាក្នុងខេត្ត អាជីវករ សិស្ស និស្សិត ប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនផងដែរ។

ឯកឧត្តម សឿម ប៊ុនរិទ្ធ បានលើកឡើងថា បើយើងចង់ឲ្យមានទីក្រុងស្អាតល្អបាន គឺផ្តើមចេញពីយើងទាំងអស់គ្នា ដោយយើងគ្រប់រូបនាំគ្នា ចូលរួមអនុវត្តន៍ រក្សាសម្អាតអនាម័យ បរិស្ថានឱ្យបានល្អ គ្រប់ពេលវេលា គ្រប់ទីកន្លែង ហើយដើម្បីរក្សាឱ្យបាននូវជ័យលាភីជាប់ចំណាត់ថ្នាក់ ទទួលពានរង្វាន់ទីក្រុងស្អាត ផ្ការំដួល៣ទង ២ឆ្នាំជាប់គ្នាកន្លងមក។

ឯកឧត្តមបានបន្តថា ដូច្នេះយើងទាំងអស់គ្នា ត្រូវនាំគ្នាចូលរួមបន្តជាប្រចាំដោយនាំគ្នាសម្អាតអនាម័យបរិស្ថាន នៅតាមផ្ទះ ទីកន្លែងសាធារណ:នានានៅក្នុងទីក្រុង និងជនបទ ដើម្បី ទទួលបានមកវិញនូវសុខភាពល្អ ទីក្រុងស្អាត និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា និងឆ្លងកាត់ ហើយបានចូលរួមប្រលងប្រណាំងទីក្រុងស្អាត ពីថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ។

ឯកឧត្តម សឿម ប៊ុនរិទ្ធ បានបន្តថា ការចូលរួមសម្អាតអនាម័យបរិស្ថានក្នុងការរស់នៅនេះ យើងបានអនុវត្តជាប្រចាំជាយូរមកហើយ ដោយបានហូបស្អាត ផឹកទឹកស្អាត និងរស់នៅស្អាត យើងគ្រាន់តែបន្តការថែទាំ នៅតាមទីសាធារណ:បន្ថែមទៀត ដើម្បីឱ្យទីក្រុងយើងជាទីក្រុងពណ៌បៃតង បរិស្ថានល្អ ទីក្រុងស្អាត ជាមុខមាត់របស់ប្រជាពលរដ្ឋខេត្តយើងទាំងអស់គ្នា។

នៅក្នុងឱកាសនោះដែរ លោកបានអានសាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងប្រធានកិត្តិយស នៃគណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត ជូនអង្គពិធី រួចនាំគ្នាដើររើសសំរាមសម្អាតទីក្រុងទាំងអស់គ្នាផងដែរ៕