គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម សាយ សំអាល់


ក្នុងអំឡុងពេលទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់បានមើលឃើញ និងកោតសរសើរពីការរីកចម្រើនរបស់ប្រទេសកម្ពុជា និងការគ្រប់គ្រងបរិស្ថាន។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ម៉ានហ្វេ្រដ ក្រោន (Manfred Grund) ប្រធានគណៈប្រតិភូសមាជិកសភាអាល្លឺម៉ងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយនឹងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីល្ងាចថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន។ នៅក្នុងជំនួបនេះ ឯកឧត្តម ម៉ានហ្វេដ ក្រោន បានបញ្ជាក់ពីគោលបំណងរបស់ប្រទេសអាល្លឺម៉ង់សហការជាមួយកម្ពុជា លើការគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសការចូលរួមចែករំលែកបទពិសោធជាមួយក្រសួងបរិស្ថាន លើការកែច្នៃសំរាម និងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ក្នុងនោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានសន្ទុះល្អ ហើយការងារកែទម្រង់សេវាសាធារណៈ របស់រាជរដ្ឋាភិបាលបាននិងកំពុងដំណើរការគួរឲ្យកត់សម្គាល់ ដូចជាការកែទម្រង់ការគ្រប់គ្រងវិស័យបរិស្ថានជាដើម។ ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ កំណែទម្រង់ដីធ្លី ការបណ្តុះបណ្តាលធនធានមនុស្សជាដើម។
ក្នុងវិស័យបរិស្ថាន ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មដល់ថ្នាក់ក្រោមជាតិ ជាពិសេសដល់អាជ្ញាធរស្រុក-ខណ្ឌ ពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន ជាពិសេសអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១១៣ អនក្របក ស្តីពីការគ្រប់គ្រងសំណល់រឹង ( សំរាម ) និងអនុក្រឹត្យលេខ ២៣៥ អនក្របក ស្តីពីការគ្រប់គ្រងលូ។ ឯកឧត្តម សាយ សំអាល់ បានស្នើអញ្ជើញអ្នកជំនាញអាល្លឺម៉ង់ ឬជំនួយបច្ចេកទេសតាមរយៈ អង្គការខុនរ៉ាដអាឌិនណៅអ៊ែរ ក្នុងការលើកកម្ពស់សមត្ថភាពមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងការបណ្តុះបណ្តាលលើការអភិបាលកិច្ច ដល់មន្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការចូលរួមរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ឋអនុវត្តតួនាទីភារៈកិច្ច កាន់តែមានប្រសិទ្ឋភាព ក្នុងការគ្រប់គ្រងកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យមានកិច្ចសហការល្អថែមទៀត ក្នុងការរៀបចំហេដ្ឋារចនា
សម្ព័ន្ធ លើកកម្ពស់ដល់ជីវភាពប្រជាពលរដ្ឋ ក្នុងតំបន់ការពារធម្មជាតិ និងនៅក្បែរតំបន់ការពារធម្មជាតិ ដោយគម្រោងទេសចរណ៍ធម្មជាតិ ដែលចូលរួមកាត់បន្ថយពីការដាក់សំពាធលើធនធានធម្មជាតិផងដែរ៕