រដ្ឋមន្ដ្រីសុខាភិបាល ស្នើដល់ភាគីពាក់ព័ន្ធឆ្លើយតបរួមគ្នាក្នុងការអន្តរាគមន៍ លើបញ្ហាជំងឺអេដស៍ និងគ្រឿងញៀននៅកម្ពុជា


រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអាណាព្យាបាលរបស់អ្នកញៀនគ្រឿងផងដែរ ឆ្លើយតបរួមគ្នាក្នុងការអន្ដរាគមន៍ លើបញ្ហាជំងឺអេដស៍ និងគ្រឿងញៀននៅកម្ពុជា។

ការថ្លែងដូច្នេះ របស់រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំស្តីពី ការឆ្លើយតបរួមគ្នាក្នុងអន្តរាគមន៍ នៃមេរោគអេដស៍/ជំងឺអេដស៍ និងគ្រឿងញៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។

ឯកឧត្តមរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា កម្ពុជាធ្លាប់បានទទួលរងគ្រោះ ដោយសារគ្រោះមហន្តរាយនៃការរាតត្បាត នៃមេរោគអេដស៍ក្នុងទសវត្សរ៍កន្លងមកនេះ ដែលអាចចាត់ទុកថា ជាសោកនាដកម្មមួយ នៅចុងសតវត្សទី២០ និងដើមសតវត្សទី២១។ តែដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបានធ្វើសកម្មភាពយ៉ាងស្វិតស្វាញ ដោយនៅខែមិថុនា ឆ្នាំ២០១៨ អង្គការសហប្រជាជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសម្ដែងនូវការអបអរសាទរ និងការកោតសរសើរកម្ពុជា ដែលបានសម្រេចទិសដៅ ៩០-៩០-៩០ ដែលជាការប្ដេជ្ញាចិត្ដ ជាសកលក្នុងការធ្វើតេស្ដរកមេរោគអេដស៍ និងផ្ដល់ការព្យាបាល បីឆ្នាំមុនកាលកំណត់។

ឯកឧត្តមរដ្ឋមន្ដ្រីបន្ដថា «ចំពោះអ្នកញៀនគ្រឿងញៀន យើងក៏ត្រូវបន្ដរួមគ្នាខិតខំប្រឹងប្រែងរួមគ្នារកទិន្នន័យអ្នកញៀនគ្រឿងញៀនពិតប្រាកដ ដើម្បីកាត់បន្ថយ និងព្យាបាលអ្នកញៀនគ្រឿងញៀន ដោយ​សម្រាប់ក្រសួងសុខាភិបាល បានបន្ដពង្រីកកន្លែងព្យាបាលគ្រឿងញៀន នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក រហូតដល់ទៅ​៤៣០កន្លែងទូទាំងប្រទេស ដែលប្រជាពលរដ្ឋ​អាចមកទទួលសេវាព្យាបាលបានដោយឥតគិតថ្លៃ»

ជាងនេះទៅទៀត រដ្ឋមន្ដ្រី ក៏បានស្នើដល់អាណាព្យាបាល ដែលមានសមាជិកគ្រួសារញៀនគ្រឿងញៀន ត្រូវសហការជាមួយភាគីពាក់ព័ន្ធ និងជួយណែនាំកូន-ចៅរបស់ខ្លួន ឲ្យមកទទួលការព្យាបាលនេះ ។

លើសពីនោះ រដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់អ្នកញឿនគ្រឿងញៀនផងដែរថា គ្រឿងញៀនមិនមែនជាម្ហូបអាហារ ដែលយើងទទួលទានរាល់ថ្ងៃនោះទេ ដូច្នេះយើងខ្លួនឯង អាចធ្វើការលះបង់បាន ព្រោះវាមិនមែនបាយ ដែលយើងអត់ហូបស្លាប់នោះទេ តែគ្រឿងញៀន បើមិនសេព គឺមិនស្លាប់នោះទេ ចឹងដើម្បីឲ្យអនាគតភ្លឺស្វាង ដោយមិនវង្វេងខូចស្មារតី សូមបញ្ឈប់សេពគ្រឿងញៀនបំផ្លាញកេរ្ដិ៍ឈ្មោះ ខ្លួន និងគ្រួសារ ពិសេសអាចឈានដល់ការស្លាប់ដោយសេពគ្រឿងញៀនផងដែរ និងឃាតកម្មផ្សេងៗ ។

តាមរបាយការណ៍របស់អង្គការ UNODC ក្នុងឆ្នាំ២០១៧ បានធ្វើការពិនិត្យឡើងវិញនូវការសិក្សាស្រាវជ្រាវនៅលើពិភពលោកបង្ហាញថា អត្រាអ្នកផ្ទុកមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើបា្រស់គ្រឿងញៀនប្រភេទ ATS (Amphetamine-Type Stimulants) ដោយមិនចាក់ អាចមានរហូតដល់ជាង១០% រីឯអ្នកដែលប្រើបា្រស់គ្រឿងញៀនដោយការចាក់ មានរហូតដល់ជាង២០%។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា «មកដល់ពេលនេះយើងមិនទាន់រកឲ្យឃើញទិន្នន័យពិតបា្រកដ ថាតើយើងមានចំនួនអ្នកញៀនគ្រឿងញៀន ប៉ុន្មាននាក់ពិតបា្រកដនៅក្នុងប្រទេសកម្ពុជា។ ប៉ុន្ដែក្រោយពេលអនុវត្ដផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រយៈពេល២ឆ្នាំ (ឆ្នាំ២០១៧-២០១៨) អ្នកញៀនគ្រឿងញៀនជាង២ម៉ឺននាក់ ដែលត្រូវបានកក់ត្រា ដោយសមត្ថកិច្ច, ហើយមកទល់នឹងបច្ចុប្បន្ននេះ ធ្លាក់ចុះនៅត្រឹមជាងម៉ឺននាក់»

នាយឧត្ដមសេនីយ៍បន្ដថា តែយើងត្រូវពិនិត្យមើលទៀត តើក្នុងចំណោមជាង១ម៉ឺននាក់នេះ គឺមានមួយចំនួនកំពុងស្ថិតនៅយកសេវាការព្យាបាល ហើយនឹងអាចមានមួយចំនួនតូច នៅក្រៅរង្វង់ទទួលយកសេវាព្យាបាល។ ដូចនេះដើម្បីបង្រួមទីផ្សារនៃការប្រើប្រាស់គ្រឿងញៀន ឬក្រុមអ្នកញៀនគ្រឿងញៀន ត្រូវតែជំរុញ និងលើកទឹកចិត្ដពួកគាត់ ឱ្យស្ម័គ្រចិត្ដទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌលសុខភាព ដែលក្រសួងសុខាភិបាល បាននឹងកំពុងតែខិតខំពង្រឹកទីតាំងព្យាបាលគ្រឿងញៀន ដោយកាលពីឆ្នាំ២០១៧ មានចំនួន មាន២៧១កន្លែង រហូតមកបច្ចុប្បន្ននេះ បានពង្រីករហូតដល់៤៣១កន្លែង ក្នុងនោះ មន្ទីរពេទ្យជាតិ មាន២កន្លែង មន្ទីរពេទ្យបង្អែកមានជ័យ (ច្បារអំពៅ) មន្ទីរពេទ្យខេត្ដមាន ២៤កន្លែងមន្ទីរបង្អែក មាន៧២កន្លែង និងមណ្ឌលសុខភាពមាន ៣៣២កន្លែង។

សូមជម្រាបថា កិច្ចប្រជុំដែលបានធ្វើឡើងនៅពេលនេះ ត្រូវបានលោកសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បញ្ជាក់ថា ក្នុងគោលបំណងដើម្បីស្វែងរកវិធីសាស្រ្តសមស្រប ដើម្បីរៀបចំការឆ្លើយតប រួមគ្នាក្នុងការធ្វើអន្តរាគមន៍លើជំងឺអេដស៍ និងគ្រឿងញៀននៅកម្ពុជា។

ក្រៅពីការចូលរួមពីអ្នកជំនាញ មកពីស្ថាប័នសំខាន់ក្នុងស្រុក ដូចជាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍សើរស្បែក និងកាមរោគ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀនរបស់ក្រសួងសុខាភិបាល អង្គការសហប្រជាជាតិ UNAIDS, UNODC WHO និងអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងដំណើរការនៅកម្ពុជា ក៏មានជំនាញការឯកទេសមកពីប្រទេសថៃ វៀតណាម និងសហរដ្ឋអាមេរិក ដែលនឹងចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗផងដែរ៕