មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យការដ្ឋានស្តារប្រឡាយមេកោះក្អែក (ជំហានទី៣)


នៅថ្ងៃច័ន្ទ ១៣រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ ចុះពិនិត្យការដ្ឋានស្តារប្រឡាយមេកោះក្អែក (ជំហានទី៣) មានទីតាំងស្ថិតនៅក្នុងឃុំគុស និងឃុំត្រាំកក់ ស្រុកតាំកក់ ។ ប្រឡាយកោះក្អែកភ្ជាប់ចរន្តទឹកពីទំនប់អាងទឹកខ្ពបត្របែក ហូរចូលតាមប្រឡាយមេដែលស្តាររួច (ជំហានទី១ និងជំហានទី២ ) មកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំគុស និងឃុំត្រាំកក់ ។ សម្រាប់ជំហានទី៣នេះ ទំហំការងារមាន :
-ស្តារប្រឡាយមេកោះក្អែកប្រវែង ៧.៩០០ ម៉ែត្រ
-សាងសង់សំណង់លូជ្រុងលើប្រឡាយមេចំនួន០៥កន្លែង
-សាងសង់សំណង់លូដោះទឹកលើប្រឡាយមេចំនួន១០កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ(ទ្វារ២)ចំនួន០៥កន្លែង
-សាងសង់សំណង់លូយកទឹកលើប្រឡាយមេចំនួន០៨កន្លែង
-សាងសង់សំណង់លូដោះទឹក២ជួរលើប្រឡាយមេចំនួន០១កន្លែង ។