ក្រសួងការងារកេនយ៉ា ជ្រើសរើសកម្ពុជាជាគោលដៅទស្សនកិច្ចស្វែងយល់ពីវិស័យការងារ


អាជ្ញាធរជាតិការងារ នៃសាធារណរដ្ឋកេនយ៉ា ដឹកនាំដោយលោក Jillo Abdul Bahari Ali អនុរដ្ឋមន្ត្រីក្រសួងការងារ និងការគាំពារសង្គមកេនយ៉ា នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីទស្សនកិច្ចស្វែងយល់ពីវិស័យការងារនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងថា ការជ្រើសរើសកម្ពុជាជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងារ ជាពិសេសពាក់ព័ន្ធនឹងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាជម្រើសដ៏ល្អ ព្រោះ NEA ជាយន្តការដ៏ជោគជ័យ និងសម្រេចបានសមិទ្ធផលជាច្រើន។

លោកអនុរដ្ឋមន្ត្រីក្រសួងការងារកេនយ៉ា បានបញ្ជាក់ថា បានជាក្រសួងការងារកេនយ៉ាជ្រើសរើសកម្ពុជា ជាគោលដៅក្នុងការទស្សនកិច្ចស្វែងយល់ពីវិស័យការងា គឺដោយសារស្ថានភាពកម្ពុជា និងកេនយ៉ាមានលក្ខណៈប្រហាក់ប្រហែលគ្នា បើប្រៀបធៀបលើបញ្ហាប្រឈមកំណើនសេដ្ឋកិច្ច និង GDP សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំ ដូច្នេះវាទាមទារឱ្យយើងមានការសិក្សាស្វែងយល់ពីគ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានលើកឡើងពីវឌ្ឍនភាពជាច្រើន នៃក្រសួងការងារ និងបញ្ជាក់ថា កម្ពុជាជាប្រទេសតែមួយគត់ ដែលហ៊ានផ្សាភ្ជាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ផ្តល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង៨ របស់អង្គការអន្តរជាតិខាងការងារ (ILO) អនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដើម្បីត្រួតពិនិត្យលក្ខខណ្ឌការងារ ការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពង្រីករបបសន្តិសុខសង្គមនៅទូទាំងប្រទេស។

តាមរយៈជំនួបនេះ ភាគីទាំងពីរជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងវិស័យការងារ នៃប្រទេសទាំងពីរ នឹងត្រូវបានពង្រឹងបន្ថែម ហើយនឹងមានការផ្លាស់ប្តូរបទពិសោធន៍ និងទស្សនៈល្អៗជាច្រើន។ លោករដ្ឋមន្រ្តីសង្ឃឹមថា នៅលើកក្រោយនឹងមានទស្សនកិច្ចពីប្រតិភូកេនយ៉ាបន្ថែមទៀត មកកាន់កម្ពុជាបន្ថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចសិក្សារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៩ ខែមីនានេះ គណៈប្រតិភូនៃក្រសួងការងារកេនយ៉ា នឹងអញ្ជើញសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍នៅ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) អំពីដំណើរការផ្តល់សេវាការងារដល់អ្នកស្វែងរកការងារ ការប្រមូល និងផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ការបង្កើត និងអនុវត្តគោលនយោបាយកម្មវិធីការងារ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងាររបស់កម្ពុជា ស្របពេលដែលប្រទេសកេនយ៉ា ទើបបង្កើតនូវអាជ្ញាធរជាតិការងារ កាលពីឆ្នាំ២០១៦ កន្លងទៅ។

គួរបញ្ជាក់ថា សាធារណរដ្ឋកេនយ៉ា ជាប្រទេសមួយដែលស្ថិតនៅទ្វីបអាហ្រ្វិកប៉ែកខាងកើត មានផ្ទៃដីសរុប ៥៨០,៣៦៧គីឡូម៉ែត្រការ៉េ និងមានប្រជាជនសរុប ៤៩.៧លាននាក់ (គិតត្រឹមឆ្នាំ២០១៧)។ កំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ ៧% ជាមួយ GDP សម្រាប់មនុស្សម្នាក់ ១,៥០៧.៨១ដុល្លារសហរដ្ឋអាមេរិក៕