ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ជួបសម្ដែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចច អេដហ្កា ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលនឹងត្រូវចប់អាណត្តិ


(ភ្នំពេញ)៖ នៅថ្ងៃអង្គារ ១៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្ដែងការគួរសម និងជម្រាបលាពី ឯកឧត្តម ចច អេដហ្កា (George Edgar) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ដែលនឹងត្រូវចប់អាណត្តិនៅក្នុងពេលដ៏ខ្លីនេះ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការងាររបស់ឯកឧត្តម អេដហ្កា ក្នុងបេសកកម្មរបស់ឯកឧត្តម ជាមន្ត្រីតំណាងការទូត ហើយក៏បានសាកសួរបន្តអំពីដំណើរការបន្ទាប់ក្រោយពីសហភាពអឺរ៉ុបបានចាប់ផ្ដើមនៃនីតិវិធីពិនិត្យការព្យួរជាបណ្ដោះអាសន្នប្រព័ន្ធអនុគ្រោះ EBA ពីកម្ពុជា ជាពិសេសបេសកកម្មនានារបស់គណៈកម្មការអឺរ៉ុប ក្នុងដំណាក់កាល ៦ ខែដំបូង។

ជាកិច្ចឆ្លើយតប ឯកឧត្តម អេដហ្កា បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អកន្លង ហើយក៏បានជម្រាបជូនថា ទាក់ទងនឹងបេសកកម្មរបស់គណៈកម្មការអឺរ៉ុប ឯកឧត្តមមិនទាន់បានទទួលនូវព័ត៌មានជាក់លាក់នៅឡើយទេនៅពេលនេះ ប៉ុន្តែអាចនឹងមានក្រុមការងារមកប្រទេសកម្ពុជាក្នុងអំឡុងពេលចុងខែមីនា និងខែមេសា ខាងមុខ។

ក្រៅពីនេះផងដែរ ឯកឧត្តម អេដហ្កា បានជម្រាបជូនពីគម្រោងដែលផ្ដល់ហិរញ្ញប្បទានដោយសហភាពអឺរ៉ុប និងក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ មានឈ្មោះថា ARISE+Cambodia ដែលអនុវត្តដោយអង្គការ GIZ។ គម្រោងនេះកំពុងតែត្រៀមចាប់ផ្ដើមការអនុវត្ត ហើយ ឯកឧត្តមបានស្នើសុំឲ្យក្រសួងពាណិជ្ជកម្ម សហការជាមួយគម្រោងនេះក្នុងនាមក្រសួងពាណិជ្ជកម្មជាចំណុចបង្គោលរបស់រាជរដ្ឋាភិបាលជាមួយគម្រោងនេះ។

ឯកឧត្តមរដ្ឋមន្ត្រី បានឆ្លើយតបថា ក្រសួងស្វាគមន៍ជានិច្ចការគាំទ្របន្តពីសហភាពអឺរ៉ុប ក្នុងការជួយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា ហើយឯកឧត្តមនឹងចាត់ចែងក្រុមការងារសម្រាប់ធ្វើការជាមួយអង្គការ GIZ ដើម្បីអនុវត្តគម្រោងនេះ ដោយគម្រោងនេះមានសក្ដានុពលក្នុងការជួយកំណែទម្រង់កាំកុងត្រូល រៀបចំគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម និងការងារដទៃទៀត ដែលចាំបាច់សម្រាប់កម្ពុជាក្នុងបរិបទបច្ចុប្បន្ន។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ ឯកឧត្តម អេដហ្កា ឲ្យទទួលបាននូវជ័យជម្នះលើគ្រប់ភារកិច្ចដែលឯកឧត្តម នឹងទទួលបាននូវថ្ងៃអនាគត។