ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ក្រុមលោកកឹម សុខានិយម ពិសេសកញ្ញាកឹម មនោវិទ្យាដែលជាកូនស្រីគួរប្រញាប់ សុំសិទ្ធិធ្វើនយោបាយ


ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជា (ប្រ.ជ) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ក្រុមលោកកឹម សុខានិយម ពិសេសកញ្ញាកឹម មនោវិទ្យាដែលជាកូនស្រីគួរប្រញាប់ សុំសិទ្ធិធ្វើនយោបាយ ។

ការលើកឡើងរបស់លោកនេះ ក្រោយពីមិនឃើញវត្តមាន អតីតមន្រ្តីបក្សប្រឆាំង សុំសិទ្ធិធ្វើនយោបាយឡើងវិញ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ថា ទោះបីទណ្ឌិតរត់ចោលស្រុក និយាយតែងតែនិយយពាក្យ សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយយ៉ាងណាក៏ដោយ ក៏ទណ្ឌិតរត់ចោលស្រុក នៅតែរិះរកគ្រប់វិធី ដើម្បីជាន់ពន្លិច លោកកឹម សុខាដដែល ដូចដែលបានធ្វើកន្លងទៅ ។

ឯកឧត្តមបញ្ជាក់ថា “ពេលនេះ ជាឱកាសមាស ឱកាសពេជ្រ សម្រាប់ក្រុម កឹម សុខានិយម ជាពិសេសកូនស្រី កឹម សុខា មិនគួរនៅបង្អែរបង្អង់តទៅទៀត សុំសិទ្ធិនយោបាយ ។ បើនៅតែអល់អែក រង់ចាំមើលសភាពកាណ៍ ដោយអូសបន្លាយពេល នឹងនាំឲ្យខាតប្រយោជន៍ជាមិនខាន” ។

អ្នកនាំពាក្យបក្សកាន់អំណាចបន្តថា បើដឹងល្បិចកលពិសពុល របស់លោកសម រង្ស៊ីហើយ គួរគប្បីរួសរាន់បង្ហាញ ឲ្យឃើញសកម្មភាពប្រតិកម្ម ប្រឆាំងក្រុមរត់ចោលស្រុក ឲ្យបានឆាប់រហ័ស ដើម្បីផលប្រយោជន៍លោកកឹម សុខា និងក្រុមកឹម សុខានិយម ។

អ្នកនាំពាក្យដដែលឲ្យដឹងទៀតថា គ្មានអ្វីពិបាកធ្វើមិនកើតទេ គ្រាន់តែបង្ហាញជំហរការពារ ផលប្រយោជន៍កម្មករ និយោជិត និងប្រជាជនកម្ពុជា ដែលពួកទណ្ឌិតរត់ចោលស្រុកនិយម បាននិងកំពុងធ្វើចង់ឲ្យព្យួរប្រព័ន្ធ EBA និងដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម(GSP) ដោយស្នើកុំឲ្យសហគមន៍អឺរ៉ុប និងអាមេរិកវាយបំបែកឆ្នាំងបាយកម្មករ និយោជិត និងប្រជាជនកម្ពុជា ទៅជាការស្រេច ដែលអាចនឹងមាន​ សភាពការណ៍នយោបាយថ្មី អំណោយផលសម្រាប់ លោក កឹម សុខា។

ឯកឧត្តម សុខ ឥសាន គូសបញ្ជាក់ទៀតថា “សូមក្រុម កឹម សុខានិយម កុំកាប់បំពង់រង់ចាំទឹកភ្លៀង នៅខែប្រាំងឲ្យសោះ ។ បើមិនលើកទំនប់ ជីកប្រឡាយទេ នឹងអត់មានទឹកធ្វើស្រែទេ សូមជ្រាប” ។

គិតមកទល់ពេលនេះ មានអតីតមន្រ្តីបក្សប្រឆាំង៣រូប បានសុំសិទ្ធិធ្វើនយោបាយ គឺលោក គង់ គាំ និងកូនប្រុស ព្រមទាំងលោក ស៊ឹម សុវណ្ណនី ហៅ ស៊ឹមវ៉ាន់នី ក្រោយព្រះមហាក្សត្រកម្ពុជា ឡាយព្រះហស្តលេខា ដាក់ឲ្យប្រើប្រាស់សេចក្ដី ស្នើវិសោធនកម្មច្បាប់មាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់គណបក្សនយោបាយ បើកផ្លូវឲ្យអតីតមន្ត្រីបក្សប្រឆាំង ទាំង១១៨រូប សុំសិទ្ធិធ្វើនយោបាយឡើងវិញ ៕