ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងភាពប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា


មានប្រសាសន៌ជាអធិបតីក្នុងពិធីបើក សន្និសីទជាតិស្តីពី «ការអភិវឌ្ឍវិស័យកសិពាណិជ្ជកម្មប្រកបដោយនិរន្តរភាពនិងភាពប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា» នៅព្រឹកថ្ងៃអង្គារ ១៤​រោជ ខែមាឃ ​ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញអេរ៉ា រាជធានីភ្នំពេញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានគូសបញ្ជាក់ថា​​៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមក្រសួងឧស្សាហកម្ម និងសិប្បកម្ម​ ឯកឧត្តមសូមសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតី ក្នុងអង្គសន្និសីទជាតិដ៏មានសារៈសំខាន់នេះ​ ដោយមានវត្តមានចូលរួមជាច្រើនពីសំណាក់ ភ្ញៀវជាតិ និងអន្តរជាតិ ។
ក្នុងអាណត្តិទី៦នេះ​ រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឲ្យអនុវត្ត​នូវយុទ្ធសាស្រ្តចតុកោណដំណាក់​កាល​ទី៤ ដែលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើ«វិស័យអាទិភាព៤»ដោយតម្កល់«មនុស្ស»ជាអាទិភាពទី១នៅលើគេ។ ក្នុងគោលដៅនេះ ចតុកោណយុទ្ធសាស្ត្រទាំង៤ នៃយុទ្ធសាស្ត្រចតុកោណត្រូវបានរៀបចំកែសម្រួលឡើងវិញឲ្យឆ្លុះបញ្ចាំងវិស័យអាទិភាព៤ និងកិច្ចការមួយចំនួនទៀត ដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍកម្ពុជានៅក្នុងដំណាក់កាលថ្មីដូចជា៖ ការអភិវឌ្ឍធនធានមនុស្ស,​ ការធ្វើពិពិធកម្មសេដ្ឋកិច្ច, ការលើកស្ទួយវិស័យឯកជននិងការងារ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
កន្លងមកនេះ ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម បានចូលរួមនៅក្នុងការលើកស្ទួយសហគ្រាសធុនតូច និងមធ្យមជាច្រើន ទៅលើការពង្រឹងគុណភាពផលិតផល ការបង្កើនប្រសិទ្ធភាពការងាររបស់បុគ្គលិកកម្មករ តាមរយៈវិធីសាស្រ្ត និងឧបករណ៍ផលិតភាពដូចជា៖ «ស៥» ឬគេហកិច្ចល្អប្រាំយ៉ាង ខាយហ្សិន ឬការធ្វើឲ្យប្រសើរឡើងជាបន្ត​បន្ទាប់ GMP, HACCP, ISO9001:2015 ISO22000:2005 ដែលក្រុមហ៊ុនគម្រូជោគជ័យមួយចំនួន ទទួលបានវិញ្ញាបនបត្រទទួលស្គាល់កម្រិតអន្តរជាតិគួរឲ្យកត់សម្គាល់​។ ទទ្ទឹមនេះដែរ តាមរយៈមជ្ឈមណ្ឌលផលិតភាពជាតិ​ នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងឲ្យប្រទេសកម្ពុជា ហើយជាសមាជិករបស់អង្គការ APO(ASEAN Productivity Organization) ដែលមាន២០ប្រទេសជាសមាជិក ក្នុងបេសកកម្មអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅគ្រប់ប្រទេសជាសមាជិករបស់អង្គការAPO ក្នុងនោះមានវិស័យសំខាន់បីរួមមាន៖ ឧស្សាហកម្ម កសិកម្ម និងសេវាកម្ម ។ ដូចនេះហើយ បានជាកន្លងមកក្រសួងក៏មានការជួយផ្សព្វផ្សាយផ្នែកកសិកម្មផងដែរ ដោយគម្រោងខ្លះត្រូវបានសហការជា មួយនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈសិក្ខាលាលា វគ្គបណ្តុះបណ្តាល និងសន្និសីទជាតិជាដើម។
ដោយឡែកប្រធានបទនៃអង្គសន្និសីទជាតិថ្ងៃនេះ គឺផ្តោតទៅលើការអភិវឌ្ឍកសិពាណិជ្ជកម្ម ដែលជាផ្នែកមួយចូលរួមចំណែកដល់វិស័យសេដ្ឋកិច្ច តាមរយៈការផ្តល់ការងារឲ្យប្រជាជន លើសពី៥០ភាគរយ​ នៅក្នុងការផលិត និងនាំផលិតផលចេញទៅក្រៅប្រទេស។ ហើយនេះទៀតសោត ក៏ជាឱកាសមួយនៅក្នុងការពង្រីកអាជីវកម្មរបស់ពួកគាត់ ព្រោះដោយសារកំណើនឡើងនៃប្រជាជនទីក្រុង និងតម្រូវការទីផ្សារពិភពលោកផងដែរ ។ ជាក់ស្តែងស្រូវ-អង្ករ កម្ពុជាយើងគឺ បានឆ្លើយតបទៅនឹងលក្ខខណ្ឌត្រឹមត្រូវ ជាពិសេសផ្អែកទៅលើឱជារស និងគុណភាព ក្នុងការប្រកួតប្រជែងអង្ករល្អបំផុតរបស់ពិភពលោក យើងទទួលបានចំណាត់ថ្នាក់លេខ១បីឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០១២, ២០១៣ និង២០១៤ និងឆ្នាំចុងក្រោយ២០១៨ នេះផងដែរ ។ បើទោះបីជា យើងពិតជាមានផលិតផលដែលមានគុណភាពយ៉ាងណាក៏ដោយ ក៏ផលិតភាពកសិផលនៃកសិពាណិជ្ជកម្មរបស់យើងនៅមានកម្រិតដែរ នេះដោយសារប្រសិទ្ធភាពការងារនៃកម្លាំងពលកម្ម បច្ចេកទេស និងបច្ចេកវិទ្យា។ បច្ចុប្បន្នក្រុមហ៊ុនទាំងឡាយ​ដែលមិនទាន់អាច​នាំចេញ ផលិតផលកសិពាពណិជ្ជកម្មរបស់ខ្លួនទៅកាន់ទីផ្សារក្រៅប្រទេសបាន ​ត្រូវ​ធ្វើ​កិច្ចការ​ជា​ច្រើនទៀត ​ដើម្បីអាចសមាហរណកម្មចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក ដូចជា គុណភាព និងសុវត្ថិភាពផងដែរ។ ព្រោះថា បើយើង​មិនខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ជាមុនទេ ក្រុមហ៊ុនធំៗខ្នាតអន្តរជាតិ អាចនឹង​មក​ដណ្តើម​ទីផ្សារ​ដែលកំពុងមានសព្ចថ្ងៃ ហើយនឹងប៉ះពាល់ដល់ភាពរស់រាន មានជីវិតរបស់ក្រុមហ៊ុនក្នុងស្រុក ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូលដែរ។ ដូចនេះហើយ ក្រុមហ៊ុនកសិពាណិជ្ជកម្មនៅប្រទេសកម្ពុជា ត្រូវតែលើកតម្កើងផលិតភាព និងភាពប្រកួតប្រជែង ដើម្បីទទួលនូវអត្ថប្រយោជន៍ពីពួកគេ ព្រោះប្រទេសមួយរីកចម្រើនបាន គឹពឹងផ្អែកទៅលើសេដ្ឋកិច្ចជាតិ ដែលគាំទ្រវិស័យសំខាន់ៗនៅប្រទេសរបស់ខ្លួន។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ សង្ឃឹមថាបទឧទ្ទេសនាមលោកជំនាញការអន្តរជាតិរបស់APO ដែលមានបទពិសោធន៍ច្រើនយ៉ាង និងធ្លាប់បានឆ្លងកាត់នៃការចែករំលែកបទពិសោធន៍របស់គាត់ ទៅលើប្រធានបទខាងលើ ជាមួយនឹងបណ្តាប្រទេសនានាដែលជាសមាជិករបស់អង្គការAPO ជាច្រើនឆ្នាំ ក៏ដូចជាគ្រូឧទ្ទេសនាមនៅក្នុងស្រុក ដែលមានអាជីវកម្មទាក់ទងទៅនឹងកសិពាណិជ្ជកម្ម ​នឹងធ្វើការចែករំលែកនៅក្នុងវគ្គសន្និសីទនេះតែម្តង ដើម្បីទាញចំណាប់អារម្មណ៍អស់លោក លោកស្រីថា តើ​ក្រោយរយៈពេល​បីថ្ងៃនេះ អស់លោក លោកស្រី ​អាចនឹងទទួលបានអ្វីខ្លះ ពីធាតុចេញពីវគ្គសន្និសីជាតិនេះ ដើម្បីអភិវឌ្ឍសម្រាប់អាជីវកម្មរៀងៗខ្លួន នៅក្នុងការជួយលើកតម្កើងកសិពាណិជ្ជកម្ម នៅប្រទេសកម្ពុជា។
សូមបញ្ជាក់ថា៖គោលបំណងសំខាន់ៗនៃអង្គសន្និសីទជាតិនេះមាន៣ចំណុចគឺ៖
១). បង្កើតនូវផែនទីរួមមួយជាមួយនឹងកម្មវិធីផ្សព្ចផ្សាយ សម្រាប់ដំណើរការកសិពាណិជ្ជកម្មនៅថ្ងៃមុខ
២.) ការអនុវត្តទៅលើកម្មវិធីផ្សព្វផ្សាយ បូកបញ្ចូលបច្ចេកទេស និងបច្ចេកវិទ្យានៃការបង្កើតថ្មី, និង
៣.) បង្កើននូវផែនការសកម្មភាពនៃការអនុវត្តទៅលើទស្សនទាន បច្ចេកទេស បច្ចេកវិទ្យា និងការអនុវត្តល្អនៃកសិពាណិជ្ជកម្ម នៃឧស្សាហកម្ម សហគ្រាស សិប្បកម្ម កសិដ្ឋាន ពីកម្មវិធីនេះ ដើម្បីឲ្យសិក្ខាកាមជ្រាប និងអាចយកទៅអនុវត្តបាន ដោយផ្អែកចំណុចល្អៗ និងសំខាន់ៗទាក់ទងទៅនឹងកសិពាណិជ្ជកម្ម ដែលនឹងត្រូវបានចែករំលែកក្នុងអង្គសន្នីសីទនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និន្នាការរបស់ពាណិជ្ជករ។