សិក្ខាសាលាស្តីពី អ្នកនាំពាក្យសកម្មឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ កិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យ ឯកភាព និងមោទនភាព នៃជាតិរស់ឡើងវិញ


ព្រះសីហនុ ៖នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលាហ្វឹកហ្វឺន ជំរុញ និងអនុវត្តន៍នយោបាយគាំទ្រដល់ មន្ត្រីថ្នាក់ក្រោមជាតិ ដែលជាអ្នកនាំពាក្យប្រចាំរាជធានី ខេត្ត ក្រោមកិច្ចទទួលខុសត្រូវនៅមូលដ្ឋានរាជធានី ខេត្ត រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិប តីភាព ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល និងឯកឧត្ដម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

សិក្ខាសាលាមានសិក្ខាកាមជាមន្ត្រីចូលរួមចំនួន ១៤៦នាក់ មកពីមន្ទីរ អង្គភាព ខេត្តចំនួន ៤ ក្នុងនោះមាន ខេត្តកោះកុង ខេត្តកែប ខេត្តកំពត និងខេត្តព្រះសីហនុ ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍បើកសិក្ខាសាលាថា សិក្ខាសាលាមានគោលបំណងសំខាន់ គឺដើម្បីបំពាក់បំប៉នជំនាញ និងបង្កើនសមត្ថភាពដល់មន្ត្រីថ្នាក់ក្រោមជាតិ ឱ្យមានលទ្ធភាពក្នុងកិច្ចការឆ្លើយតបមតិសាធារណៈ ប្រកបដោយភាពវិជ្ជមាន និងបង្កើនការទុកចិត្ត ព្រមទាំងការចូលរួមសហការគាំទ្រពីសំណាក់សាធារណជន ។ អង្គសិក្ខាសាលាបានបញ្ជាក់ផងដែរ ពីការយល់ដឹងពេញលេញនូវទស្សនៈនយោបាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយក្នុងទិដ្ឋភាពយុទ្ធសាស្រ្ត និងយុទ្ធវិធី គឺជាសញ្ញាណនៃប្រសិទ្ធភាព និងឯកភាពជាតិ ។

ឯកឧត្តមអភិបាលខេត្តសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុក្ខដាក់ ក្នុងការត្រង់ត្រាប់ស្ដាប់ ពិចារណា ចំពោះនិយមន័យ វិសាលភាព និងខ្លឹមសារនៃប្រធានបទ ឆ្ពោះទៅកាន់ប្រសិទ្ធភាព មុខមាត់ និងកិត្តិយសខេត្ត ក្រុង រួមជាមួយនឹងកិច្ចថែរក្សាលើកតម្កើងអធិបតេយ្យភាព និងមោទនភាព នៃជាតិមានសារៈប្រយោជន៍ សម្រាប់មន្រ្តីនៅថ្នាក់ក្រោមជាតិ ។ ជំរុញដល់មន្ត្រីដើម្បីត្រៀមខ្លួនទទួលព័ត៌មាន និងត្រៀមរបៀបការងារ ដែលជាអត្តសញ្ញាណកម្ម នៃហានិភ័យ ដែលមានលទ្ធភាពកើតឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឬស្ថាប័ន ដើម្បីងាយស្រួលក្នុងលក្ខខណ្ឌបង្ការ និងដោះស្រាយជាយថាហេតុណាមួយ ។ សិក្ខាកាមមានលទ្ធភាពសកម្ម បំពេញភារកិច្ចនៅក្នុងស្ថានភាពប្រឈមនៅក្រោមសម្ពាធគ្រប់មជ្ឈដ្ឋាន និងមានសមត្ថភាព រក្សាការទុកចិត្តពីមហាជន និងបង្កើនកិច្ចសហការដោយវិជ្ជមាន ។ ប្រសិទ្ធភាពការងារឆ្លើយឆ្លងព័ត៌មានជាមួយបណ្ដាញសារព័ត៌មាន ជាសមរភូមិតស៊ូមតិ និងមតិនាំមុខក្នុងរូបភាពសហការផង តតាំងផង ។ ក្នុងរូបភាពនេះមន្ត្រីព័ត៌មាន មានទម្រង់ដើរខុសពីយុទ្ធនាការឃោសនា ប៉ុន្តែជាការផ្ដល់ព័ត៌មានជាក់ស្តែង ពិត និងវិធានការដោះស្រាយដែលប្រមូលយកជំនឿ និងការគាំទ្រ រក្សាប្រសិទ្ធភាពនៃការផ្តល់ព័ត៌មានទៀងទាត់ និងទាន់ហេតុការណ៍ ។ តួនាទីដ៏សកម្ម និងប្រសិទ្ធភាព គឺអ្នកនាំពាក្យនោះ ជាឃាតករព័ត៌មានប្រឌិត Fake News និងពាក្យចរចាមអារាម ។ អាស្រ័យហេតុនេះ លំហូរព័ត៌មានផ្ទៃក្នុង ត្រូវតែរក្សាបាននូវល្បឿន និងខ្លឹមសារនូវលំហូរព័ត៌មានផ្ទៃក្នុងដោយប្រសិទ្ធភាព និងគ្មានឧបសគ្គ គឺជាខ្លឹមសារ និងមូល ដ្ឋានជោគជ័យ ដែលត្រូវប្រមូលផ្ដុំបណ្តាញ (សមាហរណកម្ម) រក្សាការពារប្រសិទ្ធភាព នៃភាពសម្បូរបែបរបស់ព័ត៌មានដោយគ្មានឧបសគ្គ ឆ្លើយតបទៅនឹងប្រសិទ្ធភាព ពេលវេលា និងខ្លឹមសារព័ត៌មានគ្រប់ជ្រុងជ្រោយ ។ វិបត្តិព័ត៌មាន ក្នុងស្ថានភាពវិបត្តិកើតឡើងនៅពេលដែលព័ត៌មានត្រូវបានសាធារណជន ទទួលបានដែលមានខ្លឹមសារខុសគ្នា ឬប្រឈមនឹងអំណះអំណាងពីប្រភពព័ត៌មានដើម ដែលបញ្ចេញដោយស្ថាប័នពីរ ឬច្រើនខុសៗ នេះជាការប្រឈមមួយដែលផលទទួលបានមកវិញនូវការអស់ជំនឿ និងទំនុកចិត្ត ជាហេតុបណ្តាលឱ្យបាត់បង់កិច្ចសហការ និងការគាំទ្រពីមជ្ឈដ្ឋានសាធារណៈ ៕