ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ជួសជុលសម្រេចបាន៩៧ភាគរយ គ្រោងបើកដំណើរការឡើងវិញ នៅមុនបុណ្យចូលឆ្នាំខ្មែរ


ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩ ការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) សម្រេចបាន៩៧ភាគរយហើយ ដោយគ្រោងដាក់ឲ្យដំណើរការឡើងវិញ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃការជួសជុលស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ជ្រោយចង្វារ) ដោយមានការចូលរួមពីមន្ត្រីក្រសួង តំណាងក្រុមហ៊ុនជួសជុលសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យលក្ខណបច្ចេកទេស។

ក្រសួងសាធារណការបានឲ្យដឹងថា ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ស្ពាននេះមានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន។

ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវីរក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ៕