ឯកឧត្តម ហ៊ីង ប៊ុនហៀង៖ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សេន វិស័យសាសនា បានផ្សាភ្ជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ


(កណ្ដាល)៖ ឯកឧត្តម ហ៊ីង ប៊ុនហៀង បានលើកឡើងថា កម្ពុជានៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន​ បានផ្សាភ្ជាប់ជាមួយនឹងវិស័យសាសនា ដោយផ្អែក​លើការធ្វើបុណ្យ ការធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិរីកចម្រើន និងការអភិវឌ្ឍន៍។

ការលើកឡើងរបស់ ឯកឧត្តម ​​ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញតំណាង​សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តវិហារត្រាញ់ នៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងរបាយការណ៍របស់ ឯកឧត្តម បូរ ណារ៉េត អភិបាល​ស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា សមិទ្ធផលនានានៅក្នុងវត្តវិហារត្រាញ់ ដែលសម្ពោធនាពេលនេះ មានព្រះវិហារ​១ខ្នង ទំហំ​១២ម៉ែត្រ គុណ​២៤ម៉ែត្រ, កុដិ្ឋ​២ខ្នង, សាលាធម្មសភា​១ខ្នង, ក្លោងទ្វារ, ដងទង់, សាលាបឋមសិក្សា​១ខ្នង ៥បន្ទប់, ចាក់បេតុងក្នុងវត្ត និងសមិទ្ធិផល​មួយចំនួនទៀត សរុបចំណាយអស់ថវិកា​៦៦​៥,៦៨៨ដុល្លារ ដែលជាសទ្ធាជ្រះថ្លាពីសំណាក់លោក ហ៊ីង ប៊ុនហៀង និងលោកស្រី ព្រមទាំងសប្បុរសជន ពុទ្ធបរិស័ទជាច្រើនទៀត​។

ឯកឧត្តម ហ៊ីង ប៊ុនហៀង បានបញ្ជាក់ទៀតថា សមិទ្ធផលថ្ងៃនេះ គឺជាសមិទ្ធផលដែលបានកើតឡើងដោយសារសុខសន្តិភាព នៃនយោបាយឈ្នះ ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ហើយគោលនយោបាយរបស់រាជរដ្ឋាភិបាល បានខិតខំណាស់​ដើម្បីបម្រើប្រជាពលរដ្ឋ​។ ដូច្នេះអាជ្ញាធរត្រូវធ្វើបុណ្យ ជាមួយប្រជាពលរដ្ឋ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងបម្រើប្រជាពលរដ្ឋដោយមិនទុកពួកគាត់ចោលនោះទេ ហើយត្រូវខិតខំដោះស្រាយជូនពួកគាត់ និងសូមប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលផ្សេងៗ ដើម្បីផលប្រយោជន៍រួម។

ក្នុងនាមសម្ដេចតេជោ ហ៊ុន សែន,ឯកឧត្តម ហ៊ីង ប៊ុនហៀង បានប្រគេនបច្ច័យដល់វត្តវិហារត្រាញ់ ចំនួន​៣​៥,០០០​ដុល្លារ និងប្រាក់រៀល ចំនួន១៦៦លាន ៣៥ម៉ឺនរៀល។ ព្រមទាំងបាននាំយកអំណោយ​របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាច្រើនទៀត ចែកជូនដល់លោកតា លោកយាយជី, ក្រុមប្រឹក្សាឃុំ, អាជ្ញាធរដែនដីស្រុក ប្រជាពលរដ្ឋ យុវជន គ្រូពេទ្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងប្រដាប់អាវុធផងដែរ៕​