ឯកឧត្តម អ៉ឹម ឈុនលឹម៖ ក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសន្តិសុខគតិយុត្តិ


ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តម អ៉ឹម ឈុនលឹម បានបង្ហាញថា ពេញមួយឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចូលរួមចំណែកយ៉ាងធំធេងក្នុងការធានានូវសុខ សន្តិភាព សុវត្ថិភាព និងស្ថេរភាពសង្គម ជាពិសេសពង្រឹងនូវសន្តិសុខគតិយុត្តិ ដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ។

ឯកឧត្តម អ៉ឹម ឈុលលឹម បញ្ជាក់បែបនេះក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩នេះ។
ឯកឧត្តម អ៉ឹម ឈុនលឹម បានលើកឡើងថា ក្នុងឆ្នាំ២០១៨កន្លងទៅនេះ ក្រុមប្រឹក្សាធម្មនុញ្ញ បានថ្វាយមតិព្រះមហាក្សត្រលើសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៣៤ថ្មី មាត្រា៤២ មាត្រា៤៩ មាត្រា៥៣ និងមាត្រា១១៨ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងការជំនុំជម្រះដោះស្រាយសំណុំរឿងបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ព្រមទាំងការផ្ដល់មតិផ្អែកលើស្មារតីនៃបទប្បញ្ញតិ្តរដ្ឋធម្មនុញ្ញ ជូនរាជរដ្ឋាភិបាលលើករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រ និងការបើកសម័យប្រជុំដំបូងរបស់រដ្ឋសភានីតិកាលទី៦។

បើតាមឯកឧត្តម អ៉ឹម ឈុនលឹម ការងារដែលបង្ហាញខាងលើនេះជាការរួមចំណែកយ៉ាងធំធេងក្នុងការធានានូវសុខ សន្តិភាព សុវត្ថិភាព និងស្ថេរភាពសង្គម ជាពិសេសពង្រឹងសន្តិសុខគតិយុត្តិ ដែលជាមូលដ្ឋានគ្រឹះនៃនីតិរដ្ឋ។

ទន្ទឹមនឹងការបើកសន្និបាតបូកសរុបការងារនៅព្រឹកមិញនេះ ក្រុមប្រឹក្សាធម្មនុញ្ញក៏បានប្រារព្ធពិធីអបអរសាទរខួប១០៨នៃទិវាអន្តរជាតិនារីផងដែរ។ ក្នុងពិធីនោះ ឯកឧត្តម អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានគាំទ្រយ៉ាងពេញទំហឹងចំពោះព្រះរាជខ្លឹមសារក្នុងព្រះរាជសារសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង គាំទ្រយ៉ាងពេញទំហឹងចំពោះប្រធានបទ «លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារ សង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស»។

ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជាក់ថា នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មន្ត្រីរាជការជាស្រ្តីមានចំនួន ២៩រូប ស្មើនឹង ៣១.៨៦% នៃមន្រ្តីរាជការសរុប។ ក្នុងនោះស្រ្តីដែលកាន់មុខតំណែងមានចំនួន ១៥រូប ស្មើនឹង ៥១.៧២% នៃចំនួនមន្រ្តីរាជការជានារី ដែលតួរលេខនេះ គឺលើសពីចំនួនស្រ្តីដែលកាន់មុខតំណែងក្នុងក្របខ័ណ្ឌមន្រ្តីរាជការទូទៅ ហើយជោគជ័យ របស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ គឺជាជោគជ័យដែលកើតចេញពីកម្លាំងកាយ បញ្ញា និងស្មារតីរួមនៃថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាបុរស និងស្រ្តី។

ឯកឧត្តម អ៉ឹម ឈុនលឹម បានធ្វើការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញដែលមានអគ្គនាយកដ្ឋានទាំងពីរជាសេនាធិការ ដែលបានខិតខំបំពេញការងារយ៉ាងសកម្ម និងល្អប្រសើរជូនក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងឆ្នាំកន្លងមកនេះ ធ្វើឱ្យក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ និងបានផ្តល់ជាអនុសាសន៍ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ បន្តយកចិត្តទុកដាក់អនុវត្តតាមគោលនយោបាយដែលបានដាក់ចេញក្នុងឱកាសទិវាខួបកំណើតគម្រប់ ១៩ឆ្នាំ និង ២០ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ កន្លងមក ឱ្យមានប្រសិទ្ធភាពខ្ពស់ និងក្នុងស្មារតីទទួលខុសត្រូវ ជាពិសេសបន្តអនុវត្តនូវគុណតម្លៃ ៣ ធំៗ របស់ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ គឺ នីតិរដ្ឋ ឯករាជភាពក្នុងការបំពេញមុខងារ និង អព្យាក្រឹតភាពក្នុងការបំពេញមុខងារ។

ក្នុងពិធីព្រឹកមិញនេះ ឯកឧត្តម អ៉ឹម ឈុនលឹម ក៏បានផ្តល់កិត្តយសបំពាក់គ្រឿងឥស្សរិយស និងមេដាយការងារថ្វាយ និងជូនសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានស្នាដៃក្នុងការងារ៕