មូលនិធិ «ស៊ីក្លូ» របស់សម្តេចតេជោ ហ៊ុន សែន ជួយសម្រាលការលំបាកក្នុងជីវភាពរបស់អ្នកធាក់ស៊ីក្


របរធាក់ស៊ីក្លូដែលមានតាំងពីសម័យអាណានិគមបារាំងនោះ បានធ្វើឲ្យអ្នកប្រកបរនេះជួបការលំបាកដោយមិនអាចរកអ្នកជិះដូចមុនទៀតនោះឡើយ ព្រោះការសម្បូរបែបនៃមធ្យោបាយធ្វើដំណើរនាពេលបច្ចុប្បន្ន។ ការមិនសូវមានអ្នកជិះធ្វើឲ្យអ្នកធាក់ស៊ីក្លូ ដែលភាគច្រើនមានវ័យចំណាស់នោះ មិនអាចរកបានថវិកាសម្រាប់ទ្រទ្រង់ជីវភាពឲ្យបានគ្រប់គ្រាន់នោះឡើយ។

ដោយមើលឃើញពីបញ្ហាប្រឈមរបស់អ្នកធាក់ស៊ីក្លូ ក៏ដូចជាការក្សាអត្តសញ្ញាណស៊ីក្លូ ដែលជាយានមួយរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចបង្កើត «មូលនិធិត្រីចក្រយានយន្ត» ឬហៅកាត់ថា «មូលនិធិស៊ីក្លូ» កាលពីខែមករា ឆ្នាំ២០១៨។ មូលនិធិនេះសម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាប្រមាណ ១៤ម៉ឺនដុល្លារទៅក្នុងមូលនិធិ ហើយបន្តដាក់ប្រាក់ប្រមាណ ២ម៉ឺនដុល្លារក្នុងមួយខែថែមទៀតផង។

មូលនិធិ បានសម្រេចផ្តល់ថវិកាប្រមាណ ៧,០០០រៀលក្នុងមួយថ្ងៃ (៥,០០០រៀលសម្រាប់អាហារ និង២,០០០រៀលសម្រាប់ជួលស៊ីក្លូ) ឬស្មើនឹង ២១ម៉ឺនរៀលក្នុងមួយខែ។ ប្រាក់ឧបត្ថម្ភនេះ បើកជូនរៀងរាល់ ១០ថ្ងៃម្តងតាមប្រព័ន្ធវីង (Wing)។

តាមរយៈមូលនិធិ បានរួមចំណែកដោះស្រាយការលំបាកមួយចំនួនរបស់អ្នកប្រកបរបរធាក់ស៊ីក្លូ និងជួយឲ្យថវិការកបានដោយលំបាកពីការធាក់ស៊ីក្លូបានសល់សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។

លោក កែម កេន វ័យ៧៦ឆ្នាំ បានប្រកបរបរធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញរយៈពេលប្រមាណ ៣៦ឆ្នាំហើយ ពោលតាំងពីប្រទេសកម្ពុជាត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ លោក កែម កេន បានលើកឡើងថា របរធាក់ស៊ីក្លូទទួលកម្រៃមិនបានដូចពីពេលមុននោះទេ ដូច្នេះការបង្កើតមូលនិធិសុីក្លូ បានរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរបស់គាត់បានមួយកម្រិត។

លោក ប៊ុន សន អ្នកខេត្តតាកែវ បានប្រកបរបរធាក់ស៊ីក្លូតាំងពីសង្គមរាស្ត្រនិយមមកម្ល៉េះ។ បច្ចុប្បន្នលោក ប៊ុន សន មានអាយុ ៧៥ឆ្នាំហើយ ហើយលោកនៅតែប្រកបរបរធាក់ស៊ីក្លូ សម្រាប់ទ្រទ្រង់ជីវភាព បើទោះបីអាយុកាន់តែជរាក្តី។

លោក ប៊ុន សន បានលើកឡើងថា បច្ចុប្បន្ននេះរ​បរធាក់ស៊ីក្លូនេះ រកកម្រៃមិនបានច្រើនដូចមុននោះទេ ថ្ងៃដែលរកបានច្រើនបំផុត គឺត្រឹម៣ម៉ឺនរៀលប៉ុណ្ណោះ។ ដូច្នេះមូលនិធិស៊ីក្លូ របស់សម្តេចតេជោ ហ៊ុន សែន បានរួមចំណែកដោះស្រាយការលំបាករបស់លោកមួយផ្នែកធំ។

ក្រៅពីការឧបត្ថម្ភថវិកាហើយនោះ ក្រុមការងារមូលនិធិស៊ីក្លូ របស់សម្តេចតេជោ ហ៊ុន សែន ក៏បានរៀបចំផ្តល់បណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនសមាជិកមូលនិធិ ដើម្បីទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយមិនគិតថ្លៃផងដែរ។

បងប្អូនអ្នកធាក់ស៊ីក្លូ បានសម្តែងការរីករាយ និងពេញចិត្តខ្លាំងចំពោះការគិតគូរ និងយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។ បើទោះបីយ៉ាងណាបងប្អូនអ្នកធាក់ស៊ីក្លូ នៅប្រឈមបញ្ហាមួយចំនួនទៀត ដូចជាការខ្វះកន្លែងសម្រាប់ស្នាក់អាស្រ័យនៅពេលយប់ និងកន្លែងសម្រាប់ងូតទឹកផងដែរ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បច្ចុប្បន្នមូលនិធិស៊ីក្លូ មានសមាជិកសរុប ៣២០នាក់៕