កិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ដឹកនាំដោយឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល


នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ព្រំដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកាទាំងអស់នៃគណៈកម្មការរៀបចំកិច្ចប្រជុំ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិភាក្សា និងបំពេញបន្ថែមលើចំណុចខ្វះខាតមួយចំនួន សំដៅឱ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តទៅប្រកបដោយភាពរលូន និងទទួលបានលទ្ធផលជាផែ្លផ្កាខ្ពស់។

សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការរួមការងារឆ្លងកាត់ដែន ក្របខ័ណ្ឌមហាអនុតំបន់មេគង្គ នឹងប្រព្រឹត្តទៅនៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ ដោយមានការចូលរួមពីប្រទេសកម្ពុជា ប្រទេសថៃ ប្រទេសមីយ៉ាន់ម៉ា ប្រទេសវៀតណាម និងប្រទេសឡាវ ព្រមទាំងធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ GIZ និង អង្គការ DEFAT ។

ថ្លែងនៅក្នុងអង្គពិធីទាំងមូល ឯកឧត្ដមទេសរដ្ឋមន្ត្រីបានផ្ដាំផ្ញើឱ្យមន្ត្រីទទួលបន្ទុកតាមគណៈកម្មការ និងអនុគណៈកម្មការទាំងអស់ យកចិត្តទុកដាក់បំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវខ្ពស់ និងប្រកាន់យកឥរិយាបទថ្លៃថ្នូរ ក្នុងនាមតំណាងឱ្យប្រទេសជាតិទាំងមូល។

ជាមួយគ្នានោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានសម្តែងការកោតសរសើរខ្ពស់ចំពោះការរៀបចំតាមផ្នែក និងតាមដំណាក់នីមួយៗប្រកបដោយភាពច្នៃប្រឌិតរបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ។