ការអានបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិត


ភ្នំពេញ៖ ពិធីកាត់ខ្សែបូតាំងពិព័រណ៍សៀវភៅត្រូវបានរៀបចំឡើង ក្នុងឱកាសអបអរសាទរ ទិវាជាតិអំណានលើកទី៤ ដើម្បីជំរុញទម្លាប់អាន បណ្ដុះវប្បធម៌អានស្របតាមប្រធានបទ “ការអានបណ្ដុះវប្បធម៌សិក្សាពេញមួយជីវិត” ដែលឆ្លុះបញ្ចាំងថា ការអានពិតជាមានសារៈសំខាន់ក្នុងការពង្រីកចំណេះដឹង បង្កើនសមត្ថភាព។

ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ទាក់ទិនការប្រារព្ធទិវាជាតិអំណាននេះ ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ថា “មិនអាន គឺមិនចេះ”។

សូមជម្រាបថា ការតាំងពិព័រណ៍នឹងមានប្រមូលផ្ដុំដោយសៀវភៅជាច្រើនប្រភេទសម្រាប់ជាវ និងចែកជូនដោយឥតគិតថ្លៃ ដែលបើកឱ្យសារណជនចូលរួមទស្សនាដោយសេរី ដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ទី១១ ខែមីនា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕