កិច្ចប្រជុំ​ពិភាក្សា​ការងា​រវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ ជាមួយប្រតិភូស្ថានទូត​ នៃសាធារណរដ្ឋកូរ៉េ​


ថ្ងៃចន្ទ​ ៦កេីត​ ខែផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​១១​ ខែមីនា​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំលេខ១​ សាលាខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំ​ពិភាក្សា​ការងា​រវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ ជាមួយប្រតិភូស្ថានទូត​ នៃសាធារណរដ្ឋកូរ៉េ​ ដឹកនាំដោយ​ លោក​ លី​ សំរិទ្ធ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ និងឯកឧត្តម​​ អូ​ នាក់យ៉ុង​ (OH NAKYOUNG) ឯកអគ្គរដ្ឋទូត​ នៃសាធារណរដ្ឋកូរ៉េ​ ប្រចាំប្រទេសកម្ពុជា​ និងមានការចូលរួមពី​ តំណាង​ក្រសួងទេសចរណ៍ អាជ្ញាធរអប្សរា យោធភូមិភាគទី៤ កងពលធំអន្តរាគមន៍លេខ២ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងសៀមរាប អង្គភាពនគរបាលទេសចេរណ៍ អង្គភាពនគរបាលការពារបេតិកភណ្ឌ អាកាសយានដ្ឋានអន្តរជាតិសៀមរាប​ រដ្ឋបាលក្រុង​ មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ​ មន្ទីរសុខាភិបាល អគ្គិសនីសៀមរាប នាយក​​ នាយករង​ទីចាត់ការ​ចំណុះសាលាខេត្ត​ និងប្រតិភូអមដំណេីរ​ សរុបចំនួន​ ៣០នាក់។

គោលបំណង​ នៃកិច្ចប្រជុំ​ពិភាក្សា​ការងា​នេះ​ គឺដេីម្បីរៀបចំផែនការការពារ​ រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​​សង្គម​ រៀប​ចំ​សម្រួល​ចរាចរណ៍​ឲ្យមានសុវត្ថិភាព​គ្រប់ទីកន្លែង​ និងរៀបចំពិធីបដិសណ្ឋារកិច្ចទទួល​ និងជូនដំណេីរ​ ជូនគណៈប្រតិភូជាន់ខ្ពស់​ នៃសាធារណរដ្ឋកូរ៉េ​ ដែលនឹងអញ្ជេីញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា​ និងខេត្តសៀមរាប​ ដឹកនាំដោយ​ ឯកឧត្តម​ មូន​ ចេអុីន​ (MOON JAE -IN) ប្រធានាធិបតី​ នៃសាធារណរដ្ឋកូរ៉េ​ និងលោកជំទាវ​ នាពាក់កណ្ដាលខែមីនាខាងមុខនេះ​ និងដេីម្បីពង្រឹងចំណងមិត្តភាពល្អ​ កិច្ចសហការល្អ​ រវាងប្រទេសទាំងពីរ​កម្ពុជា​-កូរ៉េ​៕