កិច្ចប្រជុំពិភាក្សាឈ្វេងយល់ និងប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី៧ នៃរដ្ឋសភា


នាព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅ សាលាខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៧ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា និងគណៈប្រតិភូអមដំណើរ បានចុះបំពេញបេសកកម្មសិក្សានៅខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់ វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានារបស់អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង។

នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ដែលជាប្រធានមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ឯកឧត្តម ម៉ុម សារឿន បានធ្វើរបាយការណ៍ដោយសង្ខេបពីការអភិវឌ្ឍនានានៅក្នុងខេត្ត និងបញ្ហាប្រឈមមួយចំនួន។ នៅក្នុងខេត្តស្ទឹងត្រែង អគារសិក្សានៅក្នុងខេត្តមានគ្រប់គ្រាន់ ដោយសារមានការយកចិត្តទុកដាក់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អគារសិក្សាគ្រប់ក្រុង ស្រុក។ ប៉ុន្តែខេត្តស្ទឹងត្រែង នូវជួបបញ្ហាខ្វះគ្រូបង្រៀននៅឡើយ ដែលកំពុងធ្វើការដោះស្រាយ។ ចំពោះវិស័យវប្បធម៌ ធម្មការ កិច្ចការសាសនា និងទេសចរណ៍ បានជួបបញ្ហាប្រឈមខ្លះដែរ តែអាជ្ញាធរខេត្ត និងមន្ទីរជំនាញ កំពុងខិតខំដោះស្រាយដោយប្រកាន់គោលការណ៍ធ្វើយ៉ាងណាផ្តល់សេវាសាធារណៈ និងសង្គមជូនពលរដ្ឋឲ្យបានល្អប្រសើរ។

ឯកឧត្តម ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្ត និងមន្ទីរជំនាញសម្រេចបាន។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបាន ស្តាប់ និងផ្តល់យោបល់ដល់អាជ្ញាធរ ដើម្បីរកដំណោះស្រាយលើបញ្ហាដែលខ្វះខាត និងបញ្ហាប្រឈមនោះ។ ឯកឧត្តមបានគូសបញ្ជាក់ថា ការជួបប្រជុំគ្នានេះ មានសារៈសំខាន់ក្នុងការឆ្លើយតបតម្រូវការរបស់ពលរដ្ឋ។ អ្វីដែលជាបញ្ហាប្រឈមមិនអាចដោះស្រាយនៅពេលនេះ គណៈកម្មការទី៧ នៃរដ្ឋសភា នឹងពាំនាំជូនរដ្ឋាភិបាលដោះស្រាយតាមរយៈសម្តេចប្រធានរដ្ឋសភា៕