រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩


រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត មានប្រសាសន៍ថា ក្នុងការរៀបចំប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ នាពេលនេះ ក្នុងគោលបំណង ដើម្បីឆ្លុះបញ្ចាំងអំពីលទ្ធផលសកម្មភាព នៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត នៅក្នុងឆ្នាំ២០១៧កន្លងមក ធ្វើការផ្សព្វផ្សាយអំពីសមិទ្ធផលនានា ដែលអនុវត្តកន្លងមក និងលើកឡើងអំពីចំណុចខ្លាំង បញ្ហាប្រឈម សំណើរដោះស្រាយ និងការផ្លាស់ប្តូរបទពិសោធន៍ការងារពីគ្នាទៅវិញទៅមក លើការងារគ្រប់វិស័យក្នុងខេត្ត ដើម្បីរួមសហការគ្នាក្នុងការស្វែងរកនូវដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតឡើង និងទទួលបាននូវអនុសាសន៍ល្អៗ ដើម្បីឈានទៅសម្រេចបាននូវជោគជ័យធំៗថ្មីៗ ក្នុងទិសដៅអនុវត្តភារកិច្ចនាឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
តាមការបញ្ជាក់របស់នាយករដ្ឋបាលសាលាខេត្ត លោក ហៀក សុផាន បានឱ្យដឹងថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងមក រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់លើការកសាង និងពង្រីករចនាសម្ព័ន្ធ អង្គភាព មន្ទីរវិស័យតាមរយៈការប្រជុំផ្សព្វផ្សាយ ណែនាំ ដើរទន្ទឹមនឹងការអភិវឌ្ឍធនធានមនុស្ស ជំនាញ និងបច្ចេកទេសសមស្របសម្រាប់ទ្រទ្រងដល់មានប្រសិទ្ធភាព។ លោក បញ្ជាក់ថាដោយអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការកែទម្រង់ការងាររដ្ឋបាល ជាពិសេស ការអនុវត្តនូវគោលការណ៍ណែនាំរបស់ក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល និងមានការចង្អុយបង្ហាញដោយផ្ទាល់ពីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត បានខិតខំប្រឹងប្រែងយកចិតទុកដាក់ អនុវត្តការងារជាប្រចាំ ដោយបានជម្រុញដល់កងម្លាំងប្រដាប់អាវុធ ចុះទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេស ជម្រុញបណ្តាមន្ទីរ/អង្គភាពជំនាញជុំវិញខេត្ត ឲ្យអនុវត្តការងារទៅតាមជំនាញនីមួយៗ និងទទួលលទ្ធផលល្អប្រសើរ។
នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៩ របស់រដ្ឋបាលខេត្ត ក៏មានការធ្វើបទអន្តរាគមន៍របស់មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរអង្គភាពពាក់ព័ន្ធផងដែរ៕