រដ្ឋបាលខេត្តតាកែវបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩


តាកែវ កាលពីព្រឹកថ្ងៃចន្ទ ៦កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ នៅសាលប្រជុំ​សាលាខេត្តតាកែវបានប្រារព្ធពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។

ឯកឧត្តម អ៊ូច ភា បានមានប្រសាសន៍ជំរុញនិងក្រើនរម្លឹកទៅដល់មន្ត្រីរាជការទាំងអស់ ត្រូវតែខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អថែមទៀត។ ពិសេសត្រូវតែរហ័សនិងឱ្យប្រជាពលរដ្ឋពេញចិត្ត ចំពោះការផ្តល់សេវារបស់យើង។ ក្នុងនាមយើងជាមន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះទេ ជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវតែបម្រើសេវាជូនពួកគាត់ឱ្យបានល្អ ត្រូវផ្លាស់ប្តូរឥរិយាបថ សម្តីសមរម្យ មានសីលធម៌ និងថ្លៃថ្នូរ។ ម៉្យាងទៀតធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានភាពសប្បាយចិត្តនិងពេញចិត្តនៅពេលដែលមកទទួលសេវាម្តងៗ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេសក្រសួងមហាផ្ទៃ បាននិងកំពុងតែធ្វើការកំណែទម្រង់លើប្រព័ន្ធសាធារណៈ ពិសេសការបង្កើតយន្តការច្រកចេញ-ចូលតែមួយនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ។ ច្រកចេញ-ចូលតែមួយប្រមូលផ្តុំរដ្ឋបាល ឯកភាពតែមួយ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋមកទទួលសេវាបានងាយស្រួល លឿន និងរហ័សទាន់ចិត្ត ហើយលុបបំបាត់ការរត់ការសេវាខាងក្រៅ ពោលគឺបំបាត់នូវអំពើពុករលួយ។ នេះជាឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីយើងជួបនូវបញ្ហាតិចតួចក្តី។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការបម្រើសេវាសាធារណៈជូនប្រជាពល រដ្ឋឱ្យបានល្អ វាជាភារកិច្ច​និងកាតព្វកិច្ចរបស់យើង ក្នុងនាមជាមន្ត្រីរាជការសាធារណៈ ។ សម្តេចតេជោ ហ៊ុន សែន តែងតែក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់មិនត្រូវភ្លេចខ្លួនឡើយថា មន្ត្រីរាជការជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។ ភាពស្មោះ ត្រង់និងការខិតខំបម្រើសេវាសាធារណៈពិសេសការផ្លាស់ប្តូរ ឥរិយាបថ គោរពស្រឡាញ់ចំពោះប្រជាពលរដ្ឋ នឹងទទួលបានមកវិញនូវការគោរពស្រឡាញ់ ការផ្តល់តម្លៃពីប្រជាពលរដ្ឋ៕