សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាត បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង


ខេត្តកោះកុង៖ ថ្ងៃអង្គារ ៧ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ឋផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ ឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តកោះកុង។

អង្គសន្និបាត មានការអញ្ជើញចូលរួម ពីសំណាក់ ប្រតិភូក្រសួងការពារជាតិ ក្រសួងមហាផ្ទៃក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំងបីប្រភេទ ក្រុមប្រឹក្សាក្រុង ស្រុក និងអភិបាលក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងមន្រ្តីរាជការ ចំណុះសាលាខេត្ត មេឃុំ ចៅសង្កាត់ និងតំណាងសង្គមស៊ីវិលយ៉ាងច្រើន។

លោកជំទាវអភិបាលខេត្ត បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ របស់រដ្ឋបាលខេត្តឆ្នាំ២០១៨ ព្រមទាំងគាំទ្រយ៉ាងពេញទំហឹង ចំពោះទិសដៅការងារឆ្នាំ២០១៩ ដែលរដ្ឋបាលខេត្ត បានដាក់ចេញសម្រាប់អនុវត្តបន្ត។ អង្គសន្និបាតក៏បាន វាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារសម្រេចបានលទ្ធផល ល្អប្រសើរ នាពេលកន្លងមក។ លទ្ធផលសំខាន់ៗ ដែលអង្គសន្និបាតអបអរសាទរ គួរអោយកត់សម្គាល់រួមមាន ៖
-ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងទូទាំងខេត្ត មានលក្ខណៈល្អ ប្រសើរ ជាពិសេសតាមរយៈការអនុវត្ត គោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព
-រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ បានបំពេញមុខងារ តួនាទី របស់ខ្លួនទទួលបានលទ្ធផលខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋាននានា ដែលបានកំណត់ ជាពិសេសបានផ្តល់សេវាសាធារណៈ និងសេវារដ្ឋបាល ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្ត ទទួលលទ្ធផលល្អប្រសើរ
-រដ្ឋបាលខេត្តកោះកុង បានរៀបចំបុណ្យសមុទ្រលើកទី៧ ជុំទី២ ទទួលបាន លទ្ធផលល្អ និងមានភ្ញៀវមកកំសាន្តយ៉ាងច្រើនកុះករ
-ជាមួយគ្នានេះ រដ្ឋបាលខេត្តកោះកុង នឹងត្រៀមរៀបចំសង្ក្រានកោះកុង នាថ្ងៃទី ១៤-១៥ និង ១៦ ខែមេសា ខាងមុខ។

បទអន្តរាគមន៍ទាំង ៥ បានរកឃើញនូវបញ្ហាប្រឈម និងសំណូមពរនានាលើ :
១-បទអន្តរាគមន៍ទី១ លើប្រធានបទ “ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបញ្ហាគ្រឿងញៀន”។
២-បទអន្តរាគមន៍ទី២ លើប្រធានបទ “ការជម្រុញអភិវឌ្ឍន៍ លើវិស័យទេសចរណ៍”។
៣-បទអន្តរាគមន៍ទី៣ លើប្រធានបទ “អនាម័យ បរិស្ថាន លើការគ្រប់គ្រងកាកសំណល់ រឹង រាវ និងប្រព័ន្ធលូ នៅក្នុងក្រុងខេមរភូមិន្ទ”។
៤-បទអន្តរាគមន៍ទី៤ លើប្រធានបទ “ការផ្តល់សេវា ច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត”។
៥-បទអន្តរាគមន៍ទី៥ លើប្រធានបទ “ការគ្រប់គ្រងទឹកស្អាត។

ក្រៅពីបញ្ហាប្រឈម និងសំណូមពរសំខាន់ៗ ដែល បានលើកឡើងពាក់ព័ន្ធនឹងប្រធានបទខាងលើ អង្គសន្និបាតក៏បានលើកឡើងនូវសំណូមពរមួយចំនួន ដូចជាបញ្ហាដីធ្លី ការស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋដែលក្រុម និស្សិតបានវាស់វែងរួច ការកំណត់ព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ និងបញ្ហាបទល្មើសធនធានធម្មជាតិ ក្នុងតំបន់អភិរក្ស។ តាមរយៈបញ្ហាប្រឈម ដែលបានរកឃើញខាងលើ អង្គសន្និបាតក៏បានប្តេជ្ញាចិត្ត ដោយរួមគ្នាជា កំលាំងសរុប មធ្យោបាយសរុប និងការទទួលខុសត្រូវរួម ក្នុងការដោះស្រាយបញ្ហាទាំងនោះ ដើម្បីធ្វើអោយខេត្តកោះកុងទាំងមូល មានសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍលើគ្រប់វិស័យ។ អង្គសន្និបាតទាំងមូលបានប្តេជ្ញាគាំទ្រយ៉ាងពេញទំហឹង និងចូលរួម អនុវត្តយ៉ាងសកម្ម ក្នុងដំណើការកំណែទម្រង់ស៊ីជម្រៅ និងការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាលកម្ពុជា៕