លោកជំទាវ មាន សំអាន បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ស្ពឺ


នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយឯកឧត្តម ចាន់​​ តារា អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅ និងធ្វើសេចក្តីរាយការណ៍ជូនគណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភាអំពីស្ថានភាពទូទៅ បញ្ហាប្រឈមរបស់ខេត្ត។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា​ ខេត្តកំពង់ស្ពឺមានមន្ទីរពេទ្យបង្អែកសរុបចំនួន០៤កន្លែង មណ្ឌលសុខភាពសរុ​ប៥៥កន្លែង ព្រមទាំង​ប៉ុស្តិ៍សុខភាពមានចំនួន០៤​កន្លែង ដោយមានបុគ្គលិកសុខាភុបាលមាន៨៤១នាក់ និងឱសថស្ថាន ឱសថស្ថានរងសរុបមានចំនួន៦៧កន្លែង ហើយ​ក៏មានសេវាសុខាភិបាលឯកជនចំនួន៥៨០កន្លែង
និងបានចែកប័ណ្ណ(ប.ស.ស)​ ជូនដល់អតីតមន្ត្រីរាជការស៊ីវិល ១.០១៧ប័ណ្ណ​​ និងជូនដល់អតីតយុទ្ធជនបានចំនួន២.៩១៨ប័ណ្ណ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរខេត្តកំពង់ស្ពឺរួចមក លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ជូនចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្ត។

លោកជំទាវប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានជម្រាបអំពីគោលបំណងនៃដំណើរបេសកកម្មរបស់គណៈប្រតិភូនាពេលនេះ គឺដើម្បីឈ្វេងយល់ពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតលើបញ្ហាសុខភាពសាធារណៈ និងគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម (ប.ស.ស) របស់ខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ លោកជំទាវប្រធាន ក៏បានជម្រាបជូនអំពី តួនាទី ភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មការទី៨ព្រឹទ្ធសភាមានចំនួន០៣ ដែលរួមមាន÷ ទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ និងទី៣-​មុខងារ​ផ្តល់ព័ត៌មាន​​។

លោកជំទាវក៏បានថ្លែងនូវការ​កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តដែលធ្វើឱ្យខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍ទៅគ្រប់វិស័យនានា។ ជាមួយគ្នានេះដែរ លោកជំទាវក៏បានណែនាំឱ្យខេត្តចូលរួមខិតខំបន្តទៀតក្នុងការផ្តល់ជូននូវសេវាសាធារណដល់​ប្រជាពលរដ្ឋឱ្យបានល្អប្រសើរបន្ថែមទៀត៕